ប្រវត្តិរូប & ទំនាក់ទំនង

លោក ស ម៉ូរី គឺអ្នកការពារសិទ្ធិមនុស្សនិងបរិស្ថាន, អ្នកបណ្តុះបណ្តាលផ្នែកសិទ្ធិមនុស្ស, អ្នករចនានិងសរសេរគម្រោងអភិវឌ្ឍន៍នៃវិស័យសង្គមស៊ីវិល, និងជាអ្នកអត្ថាធិប្បាយ​លើ​សារព័ត៌មានអំពីបញ្ហារបស់យុវជន, ការចូលរួម​របស់ពលរដ្ឋ, ព្រៃឈើ និងបរិស្ថាន, សិទ្ធិមនុស្ស, និងប្រជាធិបតេយ្យនៅ​កម្ពុជា។

លោក ស ម៉ូរី  ជាសហស្ថាបនិក បណ្តាញយុវជនកម្ពុជា (CYN) ដែលជាសមាគមយុវជនមួយដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការចូលរួមរបស់យុវជននិងសហគមន៍មូល​ដ្ឋានក្នុងកិច្ចការពារសិទ្ធិមនុស្ស និងបរិស្ថាននៅកម្ពុជា។ លោក ស ម៉ូរី បានបម្រើការងារនៅ បណ្តាញយុវជន​កម្ពុជា ក្នុងតួនាទីជាអនុប្រធាន​សមាគម និងជាប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ ឆ្នាំ២០២០។ នៅក្នុងតួនាទីនេះ លោកក៏បានបណ្តុះបណ្តាលនិស្សិតសាកលវិទ្យាល័យ យុវជនដែលជាសកម្មជន និងសមាជិកសហគមន៍រាប់រយនាក់លើជំនាញសិទ្ធិមនុស្ស, ច្បាប់, បរិស្ថាន, និងជំនាញរៀបចំសកម្មភាពតស៊ូមតិដែលបានចូលរួមលើកកម្ពស់សកម្មភាពយុវជន និងបង្កើនជំនាញនិងទំនុកចិត្តរបស់ពួកគេក្នុងការតស៊ូមតិដើម្បីសិទ្ធិមនុស្ស, យុត្តិធម៌បរិស្ថាន, និងយុត្តិធម៌សង្គម។

លើសពីនេះ ដោយ​សារតែការចូលរួមការងារតស៊ូមតិយ៉ាងសកម្មក្នុងវិស័យសិទ្ធិមនុស្ស, ព្រៃឈើ, និងបរិស្ថាន និងការទទួលស្គាល់ការងារ​របស់លោក លោកក៏ត្រូវបានជ្រើសរើសនិងអញ្ជើញឱ្យចូលរួមនិងធ្វើជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងសន្និសីទថ្នាក់តំបន់និងអន្តរជាតិជាច្រើនដូចជា នៅមជ្ឈមណ្ឌល Stimson Center, សន្និសីទអន្តរជាតិ ស្តីអំពី ការប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយ (IACC) របស់អង្គការតម្លាភាពអន្តរជាតិ, មជ្ឈមណ្ឌលដើម្បីការសិក្សាអាស៊ីអាគ្នេយ៍​​របស់​សាកលវិទ្យាល័យក្យូតូ​​ (CSEAS), មជ្ឈមណ្ឌលសម្រាប់ការអប់រំភាពជាពលរដ្ឋសាកល (GCEC) នៃសាកលវិទ្យាល័យ​ជាតិ Chiao Tung របស់ប្រទេសតៃវ៉ាន់, និងអង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀត។

លោក ស ម៉ូរី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួល​បាន​អាហារូបករណ៍បន្តការ​សិក្សាថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនីតិសិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ នៅឆ្នាំ២០១៨ លោក ស ម៉ូរី ត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធី YSEALI Professional Fellow នៃ​​កម្មវិធី​​មេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI​​) ដែល​គាំទ្រ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក នៅរដ្ឋ Montana និងរដ្ឋធានី​វ៉ាស៊ីនតោន។

ប្រសិនបើលោកអ្នកមានសំណួរសូមទំនាក់ទំនងមកកាន់អាសយដ្ឋានអ៊ីមែលខាងក្រោមនេះ ៖

sarmorymedia[@]gmail.com

(Visited 178 times, 1 visits today)