សង្គម​ស៊ីវិល​​កម្ពុជា​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ក្រោម​​ការ​​​«រឹតត្បិត»​​​របស់​​អាជ្ញាធរ

អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​សហជីព​បាន​​ធ្វើការ​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ ​ដើម្បី​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​​ជាតិ ​១០ ​ធ្នូ ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​​៤០០​នាក់ ​តែ​ពួក​គេ​បាន​​សម្ដែង​​ការ​មិន​ពេញ​ចិត្ត​ពេញ​ថ្លើម​ ចំពោះ​លំហ​សេរីភាព​ដែល​នៅ​តែ​មាន​សភាព​រឹត​ត្បិត។ភ្នំពេញ — 

នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ ​បណ្ដា​អង្គការ​សង្គម​ស៊ីវិល ​សហជីព ​សកម្មជន​សិទ្ធិ​មនុស្ស ​និង​ពលរដ្ឋ​ប្រមាណ​៤០០​នាក់ បាន​ជួបជុំ​គ្នា​ក្នុង​ទីលាន​ប្រជាធិប​តេយ្យ​ ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​ ដើម្បីប្រារព្ធ​កម្មវិធី​អបអរ​ទិវា​សិទ្ធិមនុស្សអន្តរជាតិ​លើក​ទី​៧០។ អ្នកចូល​រួមមានការ​រអ៊ូរទាំ​ពី​«ការ​រឹត​ត្បិត»​ មិន​ឱ្យមានការហែក្បួន និងមាន​ការ​រក្សា​សន្តិសុខ​យ៉ាង​តឹងរ៉ឹងពីសំណាក់អាជ្ញាធរកម្ពុជា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយ​ថា ខ្លួនមិន​បានទទួល​ជោគជ័យ​នោះទេ​ ក្នុង​ការ​ស្នើ​សុំបញ្ចុះ​បញ្ចូល​អាជ្ញាធរ​ឱ្យ​ព្រមជាមួយ​នឹង​សំណើ​របស់​ខ្លួន ​ក្នុង​ការ​ចង់​ដង្ហែ​ក្បួន​ពី​សួន​ច្បារមាត់​ទន្លេក្បែរវត្ត​ភ្នំ ​មក​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី​ក្នុងខណ្ឌ​ឫស្សី​កែវ ​បើ​ទោះ​ជា​មាន​ការ​សន្យាតាំង​ចិត្ត​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ​ ក្នុង​ការ​បើក​ទូលាយលំហសេរី​ភាព​ស៊ីវិល​ក៏ដោយ។

ក្នុង​លិខិត​មួយដែលចុះ​ហត្ថលេខា​ដោយ លោក មាន ​ចាន់យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ កំណត់​ជូន​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​សាលា​រាជធានី​ភ្នំពេញ ​បានអនុញ្ញាត​ត្រឹម​តែឱ្យ​មាន​ការ​រៀប​ចំ​កម្មវិធី​សម្ដែង​មតិ​ថ្លែង​សារ​នៅនឹង​កន្លែង ​ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ថ្មីប៉ុណ្ណោះ ​ហើយ​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ប្រឆាំង​នឹង​តំណាង​អង្គការ​សមាគម​ទាំង​បី​រូបទៀតផង បើ​សិន​ជា​មាន​សកម្មភាព​ល្មើស។

លោក ស ​ម៉ូរី ​អនុ​ប្រធាន​អង្គការ​បណ្ដាញយុវជន​កម្ពុជា​បាន​ថ្លែង​ប្រាប់ ​VOA ​នៅទីលានប្រជាធិបតេយ្យថា​ ការ​រឹត​ត្បិតមិន​ឱ្យ​ក្រុម​អ្នក​ចូល​រួម​ធ្វើការ​ហែ​ក្បួន​នេះ ​បាន​នាំ​ឱ្យ​រដ្ឋ​អំណាចបាត់​បង់នូវឱកាស​មួយដ៏​សម​ប្រកបក្នុង​ការ​បង្ហាញ​នូវសុឆន្ទៈ​ ​បើកទូលាយ​លំហ​សេរីភាព​នយោបាយ ​និងប្រជាធិបតេយ្យឡើង​វិញ។

«យើង​ឃើញ​ថា ​ប្រៀប​ធៀប​ថា ​ក្រសួង​មហាផ្ទៃ ​រាជ​រដ្ឋាភិបាល បង្ហាញ ​ដូច​ជា​ផ្ទះ ​ចេញ​លិខិតមក ​ដូច​ជាផ្ទះបើក​របង ក៏​ប៉ុន្តែទ្វារ​ផ្ទះ​ហ្នឹង​ចាក់​សោ​សូឡិច​យ៉ាង​រឹង​មាំ។ បាទ ​បាន​ន័យ​ថា ​សេរីភាពក្នុង​ការ​ជួប​ប្រជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី នៅ​តែ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង ​ការរឹត​ត្បិតដដែល»។

ក្រោយ​ពី​មាន​ការ​ចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​អ្នក​ជំទាស់ ​រួម​ទាំង​ការ​ចាប់​លោក ​កឹម ​សុខា​ មេបក្សជំទាស់ ​ការ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ ​ការ​ស្រែក​ត្អូញ​ត្អែរ​អំពីលំហ​សេរីភាពសង្គមស៊ីវិលរួម​តូច ​និង​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​មិន​ចំណុះនឹងរដ្ឋ​អំណាច ​គណបក្ស​ប្រជាជន​កម្ពុជា​ បានទទួលជ័យ​ជម្នះ​ទាំង​ស្រុង​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពីខែ​កក្កដា ​ដោយទទួលបានអាសនៈទាំង​អស់​ ១២៥/១២៥ ​ក្នុង​សភាជាន់​ទាប។

​ប្រតិកម្ម​ពី​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោកបាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់ ​រហូត​ដល់មាន​ការ​ព្រមានដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ពី​សំណាក់​សហភាព​អឺរ៉ុប ​ដែល​ក្រោយ​មក គេ​ឃើញរដ្ឋាភិបាល​កម្ពុជាបង្ហាញនូវ​ជំហររបស់ខ្លួន ​និង​ការ​តាំង​ចិត្តជា​ថ្មីក្នុង​ការ​បើក​ទូលាយ​សិទ្ធិសេរីភាព​នយោបាយ​ ​សង្គម​ស៊ីវិល ​និងសារ​ព័ត៌មាន​ឯករាជ្យឡើង​វិញ។

លោក ​ស​ ម៉ូរី​ បាន​និយាយ​បន្ថែម​ថា ​ដោយ​សារ​តែ​មាន​ការ​យាម​កាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ពីសំណាក់កង​កម្លាំង​នគរបាល ​និង​កងប្រជាការពារ​ក្នុង​ខណ្ឌ​ដូនពេញ ​និង​ខណ្ឌឫស្សីកែវ ​ទើបក្រុមលោកសម្រេច​ធ្វើ​ការ​ជួប​ជុំ​នៅ​នឹង​កន្លែងដោយ​មិន​មានការ​ហែ​ក្បួន​ដូច​ការ​គ្រោង​ទុក​ឡើយ ​ហើយលោកថា វត្ត​មាន​ច្រើនកុះករ​ពេក​របស់​កង​កម្លាំង​មាន​សមត្ថ​កិច្ច ​បាន​នាំ​ឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកចូល​រួម​ផង​ដែរ។

នៅថ្ងៃចន្ទ​ ​ក្រុមអ្នក​ចូល​រួមប្រមាណ៤០០នាក់ ​បាន​ជួប​ជុំគ្នាតាំង​ពីព្រលឹមស្រាងៗ​ នៅ​ទីលានប្រជាធិបតេយ្យថ្មី ​ក្នុងខណ្ឌ​ឫស្សីកែវ ​ចន្លោះ​ផ្លូវ​ជាតិ​លេខ​៥ ​និង​ច្រាំង​ទន្លេសាប ​ក្បែរ​អតីតឃ្លាំងសាំងឫស្សីកែវ ​ខណៈ​ដែលកង​កម្លាំង​នគរបាល និងកង​ប្រជា​ការពារ ​ក្នុងឯក​សណ្ឋាន​ពណ៌​ខ្មៅ​ក្រឹប ​បាន​ឈរតម្រៀបគ្នា​ជា​ជួរបែរមក​រកទី​លានជាមួយរបាំង​ការពារដែល​ដាក់​ពង្រាយ​បិទផ្លូវ​ចេញ​ចូល​រួចជាស្រេច​ ​ការពារមិនឱ្យក្រុមអ្នក​ចូលរួម​ដង្ហែក្បួនចេញមកបាននោះទេ។

តំណាង​សហជីព​មកពី​វិស័យផ្សេងៗពី​គ្នាបាន​ថ្លែងសារ​រួមទៅលើ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និងថ្លែងសារ​ដោយឡែកតាម​វិស័យ​របស់​ខ្លួន​ម្ដង​ម្នាក់ៗ រួម​ទាំងក្រុម​អ្នក​ការពារ​បរិស្ថាន ​ក្រុមកម្មករចំណាកស្រុក ​ក្រុម​អ្នក​បម្រើការងារ​ក្នុង​វិស័យ​ចំណីអាហារ ​និង​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ។

លោក​ សែម ​ធី ​ដែលបាន​ធ្វើ​ដំណើរ​ពី​ខេត្ត​កោះ​កុង ​តាំង​ពី​ថ្ងៃ​ចុង​សប្ដាហ៍ ​ដើម្បី​មកឱ្យ​ទាន់ការចូល​រួមប្រារ​ព្ធ​ពិធី​កាល​ពីព្រឹក​ថ្ងៃ​ចន្ទ ​បាន​លើក​ឡើង​ថា ​បំណង​ប្រាថ្នា​របស់​លោក ​ក្នុងទិវា​សិទ្ធិមនុស្សអន្តរជាតិមិន​មានអ្វី​ច្រើន​នោះ​ទេ ​គឺ​សុំត្រឹម​តែ​ចង់​បាន​ដំណោះ​ស្រាយ​ដល់​បញ្ហា​ដីធ្លី ​ច្បារដំណាំ​របស់លោកដែលមាន​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយ​នឹង​ក្រុមហ៊ុន​ UDG​ – Union Development Group ​របស់​ចិន។

​បុរសក្នុង​មជ្ឈិមវ័យ​រូប​នេះ ​ជាមួយ​នឹង​ក្រមា​បង់​ក ពណ៌​ឆ្នូតខ្មៅ​ស ​ពាក់​ក្រដាសរុំ​ជុំវិញក្បាលដែលសរសេរ​ថា​«គ្មាន​ដី​គ្មានជីវិត» ​បានថ្លែង​ប្រាប់ VOA ​យ៉ាង​ដូច្នេះ​ថា៖

«អត់​មាន​ចង់​បាន​អ្វី​លោភ​លន់​ហួស​ហេតុ ​ចង់​បាន​ធ្វើ​តែ​ចម្ការតែ​ប៉ុណ្ណឹង​ទេ ​អត់​មាន​ចង់បាន​អ្វីផ្សេងទេ ​ចង់​បាន​មួយរស់ ចង់​បាន​តែ​ដី​ចម្ការ​ត្រឡប់​មក​វិញ​ទេ ​អត់​មានថា​ចង់បានធ្វើអ្នកមាន​អ្នក​ធំ​អីនឹងគេ​ទេ ​មក​នេះ​មកទាម​ទារ​តែ​ដី​ចម្ការ ​គ្រាន់​រក​ចិញ្ចឹម​ប្រពន្ធ​កូន ​តែ​ប៉ុណ្ណឹង!»។

​អ្នកស្រី​ សោម ​សុម៉ាលី​ ពលរដ្ឋរស់នៅក្នុង​រាជធានី​ភ្នំពេញបានដើរដឹកដៃកូន​ស្រីពៅរបស់អ្នក​ស្រី​ដែលមានអាយុ ​៦ឆ្នាំ​ ​ឈរ​ជុំៗ​ជាមួយគេ​ឯង​ ស្តាប់ការ​ថ្លែងសារផង និង​ទទួល​ទានអាហារពេល​ព្រឹកដែលមាននំប៉័ង​១ដើម និង​ទឹក​សុទ្ធ​១​ដប។

ស្រ្តី​វ័យ៤៥ឆ្នាំរូបនេះបានប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖

«ប្រជា​ពលរដ្ឋ​មក​នេះភាគ​ច្រើនជា​អ្នក​សហគមន៍ប៉ះពាល់​ដីធ្លី។ ខាង​សមត្ថកិច្ចច្រើន​ព័ទ្ធ​ជិត​អស់​ ​តែអត់​មាន​ភិត​ភ័យ​ខ្លាចអី​ទេ។ ​នៅ​មានអារម្មណ៍សប្បាយចិត្ត ​ហើយអត់មានអ្នក​ណាគេហាមឃាត់អីដែរ​ គ្រាន់​តែឃើញសមត្ថកិច្ចហ្នឹងច្រើន ច្រើន​ជាង​ប្រជា​ពលរដ្ឋ»។

ដូចលោក ​សែម ធី​ ដែរ​ អ្នកស្រី​ សោម ​សុម៉ាលី ​ជា​ប្រជាពលរដ្ឋដែល​ធ្លាប់ធ្វើការទាម​ទារ​ឲ្យ​មានដំណោះស្រាយពាក់ព័ន្ធនឹងរឿងលំនៅដ្ឋានរបស់​អ្នកស្រីផ្ទាល់តាំងឆ្នាំ២០០៣។ ​អ្នក​ស្រីដែល​ជាប្រជា​ពលរដ្ឋរង​គ្រោះជម្លោះដីធ្លីនៅឯ​បុរីកីឡា​ ​ចង់ឲ្យ​រដ្ឋាភិបាលគោរពសិទ្ធិលំនៅដ្ឋាន​ឲ្យ​បានប្រសើរជាង​នេះ។

អ្នកស្រី​ សោម សុម៉ាលី ដែលកាន់​ដៃ​កូន​ជាប់ ​អែប​ក្បែរខ្លួនបាន​ថ្លែងយ៉ាង​ដូច្នេះ​ថា៖

«កាល​ពេលមានកូន​តូចហ្នឹង ​ពេលដែលតវ៉ាផ្ទះ​ ​[ខ្ញុំ]​នៅ​ពោះ​ធំ​ ​ខ្ញុំ​ដើរតវ៉ារហូត។ ដល់​ពេលកូននេះកើត​ចេញមក ដល់អាយុ​ជិត៦ឆ្នាំ​ កូន​ហ្នឹង​នៅ​តែ​តាមទាម​ទារ​ស្រែក​សុំ​ផ្ទះ​ ​សុំ​លំនៅ​ដ្ឋាន​ ដើម្បីឲ្យ​ម៉ែមានរស់នៅ​វិញ»។

ឯ​អ្នកស្រី​ ឡេង ​ម៉ុម ​អាយុ​ ​២៨ឆ្នាំ​ កំពុងឈរ​ជាមួយគូ​កនក្បែរៗ​គ្នាស្តាប់​ការថ្លែងអំពីប្រវត្តិ​សិទ្ធិមនុស្សសាកល​ និងសិទ្ធិមនុស្ស​កម្ពុជា។ អ្នក​ស្រី​ ​ដែល​សព្វ​ថ្ងៃជាកម្មការនីរោងចក្រកាត់ដេរ​ និងសម្លៀកបំពាក់មួយ នៅឯសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ​បានថ្លែង​ប្រាប់​ VOA​ ​ថា​ អ្នកស្រីយល់​ថា កម្មករចង់ទទួលបានសិទ្ធិទទួលបាន​លក្ខខណ្ឌ​ការងារល្អ​ប្រសើរ។

«ខ្ញុំចង់ឲ្យ​កម្មករមាន​សេរី​ភាព កុំ​ឲ្យ​ចិនអីគាប​សង្កត់ខ្លាំងពេក។ ​រាល់​ថ្ងៃ​ពិបាកណាស់ធ្វើការ​ជាមួយចិន​ ​គាប​សង្កត់​កម្មករ​ខ្លាំង។ ​និយាយរួមវាគិត​តែទាររកផល​ប្រយោជន៍ ​គ្រប់ម៉ោង គ្រប់ពេល។ ព្រោះ​អី​ចូល​ទៅ​ដឹងតែ​ ​បញ្ចេញ​កម្លាំងរហូត ទាល់​តែដល់ម៉ោងចេញវិញ។​ ធ្វើការ១០ម៉ោង​ ​បញ្ចេញទាំង១០ម៉ោង អត់​មាន​សម្រាក»។

អ្នកស្រី​ ឡេង ​ម៉ុម​ បានឲ្យ​ដឹង​ទៀតថា អ្នក​ស្រីធ្វើ​ការ​ក្នុង​វិស័យកាត់ដេរ​នេះលើស​១០ឆ្នាំ​ហើយ គឺ​តាំងពីទទួលបានប្រាក់ខែ ​៤០ដុល្លារ​ តែ​ការ​ដំឡើង​ប្រាក់ខែក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង​មក មិនបានន័យ​ថាការ​ទាម​ទារសិទ្ធិ​ការងាររបស់អ្នកស្រីត្រូវ​បញ្ឈប់​ត្រឹម​នេះ​ទេ​ ​ល្គឹកណាស្ថានភាពការងាររបស់​កម្មកររោងចក្រមិន​ទាន់​បាន​ប្រសើរ។

អ្នកស្រី​ ម៉ៅ ​សុខា​ ដែលមាន​ទីលំនៅក្នុងតំបន់​បឹងកក់​រាជធានី​ភ្នំពេញ​ ​បាន​ថ្លែងថា​ អ្នក​ស្រីប្រាថ្នាចង់ឱ្យ​មាន​ការ​បើក​ទូលាយ​លំហ​សម្រាប់​ពលរដ្ឋ​ដូចជា​អ្នកស្រី ​ធ្វើការ​សម្ដែង​មតិ​ដោយ​សេរី ​និងអនុវត្តកាតព្វកិច្ច​ជា​ពលរដ្ឋ​បាន​ពេញ​លេញ។

អង្គុយ​ផ្ទាល់​នឹង​ដី ​មាន​ពាក់​ឆ្នួត​ក្រមា​ពណ៌​ខៀវ​គ្រប​ក្បាល ​ដៃ​កាន់​នំប៉័ងដែល​ចែកជូន​ដោយអ្នក​រៀបចំ ស្ត្រីវ័យ​៦៦ឆ្នាំ​រូបនេះ ​បាន​ថ្លែង​ប្រាប់ VOA​ យ៉ាងដូច្នេះថា៖

​«ការ​ពិត​យើង​មក​ថ្ងៃ​នេះ​ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ​ទាំងយើងរង​គ្រោះ​ដីធ្លី ទាំង​សហជីព​ទាំង​អី ​និយាយ​រួម​ឱ្យ​ពួក​បញ្ហា ​យើង​ចង់​ឱ្យ​មានដំណោះ​ស្រាយគ្រប់​គ្នា ​កុំ​ឱ្យ​ប្រជាជន​យើង​វេទនា​ពេក»។

អ្នក​ស្រី​ ម៉ៅ ​សុខា ​ក៏​បាន​ថ្លែង​រិះគន់​«ការ​រឹត​ត្បិត»​របស់​អាជ្ញាធរ​ផង​ដែរ ​ថា​បាន​ធ្វើ​សកម្មភាពផ្ទុយពីការ​សន្យាតាំង​ចិត្តរបស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

«ការ​អនុវត្ត​ដូច​អត់​មាន​ផង ​បាន​តែ​និយាយ ​ធ្វើ​តែ​បន្តិចៗ​ហ្នឹង ​ប៉ុន្តែ​អាលាក់​លាម​ហ្នឹងវា​ច្រើន​ជាង ​អាចំហ​វា​តិច​ណាស់ ​… ​ថា​បាន​តែ​មាត់​ហ្អា ​ប៉ុន្តែ​ដល់​ជាក់​ស្ដែង​ដូច​អត់​មាន​ផង»។

យ៉ាងណាក៏ដោយ ​លោក ​ម៉េត ​មាស​ភក្ដី​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បានថ្លែងនៅរសៀលថ្ងៃ​ចន្ទនេះ​ថា​ ​ការណ៍ដែលក្រុម​សហជីពនិង​អង្គការ​សង្គម​ស៊ីវិលមាន​លទ្ធភាពអាចប្រារព្ធ​កម្ម​វិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅព្រឹក​ថ្ងៃចន្ទ​នេះ ​ដោយពុំ​មាន​អំពើ​ហិង្សា​ អាច​ចាត់​ទុក​ថា​ជា«ជោគ​ជ័យ»មួយ​ទៅហើយ។

មន្ត្រី​រដ្ឋាភិបាលរូប​នេះ​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ក្នុង​ន័យ​ដើមយ៉ាង​ដូច្នេះ៖

«យើង​ស្វាគមន៍ ​យើង​ឯកភាព ​នៅ​ក្នុង​ការណ៍​ដែល​ឱ្យ​ខាង​សហជីព​នេះ​ហ្នឹង ​លោក​ធ្វើការ​ជួបជុំ ​និង​បញ្ចេញ​មតិ ​គ្រាន់​តែ​យើង​មាន​ទីតាំង​មួយ ​ដែល​ជា​ទីតាំង​ច្បាប់​បាន​កំណត់​ហើយ ​ទីតាំង​សម្រាប់​គាត់​បញ្ចេញ​មតិ​ហ្នឹង ​ត្រូវ​បាន​យើង​រៀប​ចំ​ជូន​គាត់​ហើយ។ ​ទីលាន​ប្រជាធិបតេយ្យ ​យើង​បាន​រៀបចំ ​មាន​ទី​កន្លែង​សមរម្យ​សម្រាប់​ធ្វើ​កិច្ចការ​បែប​នេះ។ អ៊ីចឹង​ឥត​មាន​មូល​ហេតុ​ណា​ដែល​ត្រូវ​យើង ​ជួប​ជុំ​គ្នា​លើ​សួន​ច្បារ​ធម្មតា ​ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា ​ទាល់​តែ​យើង​ធ្វើការ​ដើរហែក្បួន ​ពី​ទី​តាំង​នេះ ​ទៅ​ទី​តាំង​នោះ ​ទើប​គេ​ហៅថា​ជា​សេរីភាព​បញ្ចេញ​មតិ​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​បន្ត​ទៀ​ត​ថា ​ទំហំ​ចំនួន​អ្នក​ចូលរួមដែល​បានស្នើ​ក្នុង​ការ​ហែ​ក្បួនថា​មានចំនួន​១០០០នាក់ នៅ​លើ​ដង​ផ្លូវ​ធ្វើ​ឲ្យ​អាជ្ញាធរ​មាន​បន្ទុក​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ របៀប​រៀបរយផ្នែក​សន្តិសុខ ​ហើយ​លោក​ថា ​ការណ៍ដែល​នៅសម្ដែង​មតិនៅ​មួយកន្លែង​ក្នុងទីលានប្រជាធិបតេយ្យក៏​បាន​ធ្វើ​ឲ្យ​ពិធី​មាន​លក្ខណៈ​រលូន​ផង​ដែរ។

​យ៉ាងណាក្ដី​ ក្រោយ​ពី​មាន​ការ​ជួប​ជុំ​ថ្លែង​សារ ​ក្រុម​អ្នក​ចូល​រួម​ដែល​ដឹកនាំ​ដោយ​លោក ​វ៉ន ​ពៅ ប្រធានសមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​ក៏​បាន​ធ្វើការ​ដើរ​យាត្រា​ពីរ​ជុំ ​ក្នុង​រង្វង់សួនច្បារក្នុង​ទីលាន​ប្រជាធិបតេយ្យ​នេះ ​ដោយ​មានបន្លឺ​សម្រែក​ជយ្ឃោស យ៉ាងរន្ថើននូវ​ពាក្យ​គន្លឹះ​ចំនួន​បី៖​ សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ ​និង​យុត្តិធម៌សង្គម។ ​ក្បួន​បានរំកិលមក​កៀកៗ​នឹង​កង​កម្លាំង​សមត្ថកិច្ច ​តែ​មិន​មាន​អំពើ​ហិង្សា ​និងការ​ប៉ះ​ទង្គិច​គ្នា​អ្វី​គួរ​ឱ្យ​សម្គាល់​ឡើយ។

​ក្រៅ​តែពី​ការ​រៀប​ចំរបស់​សហជីព​ ខាង​រាជ​រដ្ឋាភិបាល​ក៏​បាន​ប្រារព្ធ​អបអរទិវា​សិទ្ធិ​មនុស្សអន្តរជាតិដាច់ដោយឡែក​របស់ខ្លួន​ផង​ដែរ ​ដែល​មាន​លោក ​សាយ​ ឈុំ​ អនុប្រធានគណបក្សប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា ​ជា​គណៈអធិបតី ​និង​បាន​អំពាវនាវ​ឱ្យអាជ្ញាធររដ្ឋាភិបាលគ្រប់​ជាន់​ថ្នាក់ និង​អង្គការ​សង្គម​ស៊ីវិល ​ធ្វើការ​រួមគ្នា ​ដើម្បី​ថែ​ទាំ​សន្តិភាព ស្ថិរភាព ​និងការគោរពសិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ផង​ដែរ៕

ប្រភព៖ VOA Khmer

(Visited 43 times, 1 visits today)

Leave A Comment

Your email address will not be published. Required fields are marked *