ព្រៃ​ឡង់​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ខ្លាំង ​​ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​១៩ កំពុងតែរីករាលដាល

ស្រប​ពេល​ដែល​ជំងឺ​កូវីដ១៩​ កំពុង​តែរីក​រាល​ដាល​គួរ​ឱ្យ​ព្រួយបារម្ភ​នៅក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​មួយ​ចំនួន​។ ដែន​ជម្រក​សត្វ​ព្រៃ​ ព្រៃឡង់​ឯ​នេះ​វិញ​ ក៏កំពុង​ទទួល​រងការ​កាប់​បំផ្លាញ​​ពីសំណាក់​ឈ្មួញ​ឈើ​ និង​អ្នក​កាប់ឈើ​ខុស​ច្បាប់​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត​។ ក្នុង​ខណៈ​ពេល​នេះ ​សាធារណៈជន​ ហាក់​មិន​សូវ​ចាប់​អារម្មណ៍រឿង​បញ្ហា​ធនធាន​ធម្មជាតិ​ដោយ​សារតែ​បញ្ហា​ជំងឺ​កូវីដ១៩​ វាបាន​ផ្តល់​ឱកាស​ឱ្យជ​ន​ដែលរក​ស៊ីខុស​ច្បាប់​ក្នុង​វិស័យ​ធនធាន​ធម្មជាតិ​ បំផ្លាញ​និងកេងប្រវ័ញ​ធនធាន​រួម​ដ៏​មាន​តម្លៃ​របស់​ជាតិ​។

យោង​តាម​ការចុះផ្សាយ​របស់​វិទ្យុអាស៊ី​សេរី​ (RFA) បាន​បញ្ជាក់​ឱ្យ​ដឹង​ការ​ថា បណ្តាញ​សហគមន៍​ព្រៃឡង់​​បាន​ប្រទៈ​ឃើញ​គល់​ឈើ​ដែល​ត្រូវ​បាន​ជនល្មើស​កាប់ថ្មីៗ​ច្រើន​ជាង​១០០​ ដើមនៅ​​ចំណុច​​ជាំ​អាចម៍​​ដែក​​ក្នុង​​ដែន​​ជម្រក​​សត្វព្រៃ​​ឡង់​នៃខេត្ត​​ព្រះវិហារ​។​ វិទ្យុអាស៊ីសេរី​បានដក​ស្រង់​សំដី​ដើម​របស់ ​លោក ស្រី ថី ដែល​ជាសមាជិករបស់​​បណ្តាញ​​សហគមន៍​ព្រៃឡង់​ថា “​នៅ​ថ្ងៃ​ទី១៩ មេសា​​ ពួក​លោក​​បង្ខំ​ចិត្ត​ចុះ​ល្បាត​​ព្រៃ​ឡង់​​ទាំង​ភ័យ​​ខ្លាច និង​​គេច​​ពី​ឆ្មាំ​​អភិរក្ស​របស់​​ក្រសួង​​បរិស្ថាន​ ដើម្បី​​ស៊ើប​​អង្កេត​​ពី​បទ​​ល្មើស​ព្រៃ​ឈើ​ខ្នាត​ធំ​ក្នុង​តំបន់​អភិរក្ស ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី។ លោក​ថា គ្រាន់តែ​ផ្លូវ​មួយ​ច្រក​ពួក​លោក​រក​ឃើញ​គល់​ឈើ​ជាង១០០ ​គល់ ដែល​គេ​កាប់​ធ្វើ​អាជីវកម្ម។ លើស​ពី​នេះ មាន​កម្ម​ករ​ជាច្រើន​ក្រុម​បាន​បោះ​តង់​ស្នាក់​នៅ​ក្នុង​ព្រៃ​ឡង់​មិន​ក្រោម ១០កន្លែង​នោះ​ទេ ដើម្បី​សម្ងំ​កាប់​ឈើ​លក់​ឱ្យ​ក្រុមហ៊ុន” [ដងស្រង់ពីវិទ្យុអាស៊ីសេរី]។

បើ​ទោះ​បីជា ព្រៃឡង់​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​តាម​រយៈ​អនុក្រឹត្យ​របស់​រាជ​រដ្ឋា​ភិបាល​​ចុះថ្ងៃទី០៩ ​ខែឧសភា ​ឆ្នាំ២០១៦​ ក៏ដោយ​ ប៉ុន្តែ​ព្រៃឡង់​នៅតែ​ទទួល​រង​ការកាប់បំផ្លាញ។ បណ្តាញ​សហគមន៍​​ព្រៃឡង់​​តែង​តែ​រាយការណ៍​ជាញឹក​ញាប់អំពី​ឧក្រិដ្ឋកម្ម​ព្រៃឈើនៅ​ក្នុងដែន​ជម្រក​សត្វព្រៃ​មួយនេះ។​ កត្តា​ខាង​លើនេះ ​បានធ្វើឱ្យ​សាធារណៈ​មតិទូទៅ​ចោទ​ជាសំណួរ​ អំពី​ប្រសិទ្ធ​ភាព​នៃ​អភិបាលកិច្ចព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​នៅប្រទេសកម្ពុជា។​

គួរ​បញ្ជាក់​ផង​ដែរ​ថា បណ្តាញ​សហគមន៍​ព្រៃឡង់​ទាំងបួន​ខេត្ត​ រួមមាន​ខេត្ត​កំពង់ធំ​ ព្រះវិហារ​ ស្ទឹងត្រែង​ និង​ក្រចេះ ​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ហាម​ឃាត់​មិន​ឱ្យពួកគេ​ធ្វើការចុះល្បាត​ចាប់តាំង​ពីខែមីនា ​ឆ្នាំ២០១៩​ ដោយ​ក្រ​សួង​ចោទ​​ថា​ បណ្តាញ​សហគមន៍​ព្រៃឡង់​ គឺជាបណ្តាញ​ដែល​ខុស​ច្បាប់​ និង​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រ​សួង​មហាផ្ទៃ។ ជុំវិញបញ្ហានេះដែរ បណ្តាញ​សហគមន៍​ព្រៃឡង់ បាន​​ច្រាន​ចោល​ការចោទ​​ប្រកាន់​​របស់​​ក្រសួង​​បរិស្ថាន​​ ដោយ​ពួកគេ​បាន​លើឡើង​ថា ពួក​គេមានសិទ្ធិ​ស្រប​តាម​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​​ក្នុង​ការចូល​រួមការពារធនធានធម្មជាតិ​ដែលបេតិកភណ្ឌរបស់ជាតិខ្មែរយើងទាំងអស់គ្នា។​

(Visited 365 times, 1 visits today)