វេទិកាអ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk) គឺជាការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីធឺណិត សកម្មជនលើបណ្តាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី។
ភ្នំពេញ — ក្រុមសង្គមស៊ីវិលធ្វើការលើកស្ទួយសេរីភាពបញ្ចេញមតិនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ (Open Cyber Talk) ជាលើកទី៥ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋយល់ដឹងអំពីការការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត។
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ គឺជាវេទិកាដែលរៀបចំឡើងប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មក។ ក្នុងឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៧ ខែមីនា នឹងពិភាក្សាលើប្រធានបទធំស្តីពី «ឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី»។
លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបាន និងកំពុងរងនូវហានិភ័យ ពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីនធឺណិតដើម្បីបញ្ចេញមតិ និងរិះគន់ពីអំពើពុករលួយ អភិបាលកិច្ច បញ្ហាដីធ្លី និងការបាត់បង់ធនធានធម្មជាតិជាដើម។
លោកបន្តថា ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយក្នុងឆ្នាំ២០១៩នេះ នឹងផ្តោតសំខាន់ទៅលើការធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយនៃការលើកកម្ពស់សិទ្ធិសេរីភាព និងការចូលរួមអភិវឌ្ឍន៍សង្គមនៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «ហានិភ័យក្នុងការលួចទិន្នន័យ លួច account (គណនី) ហានិភ័យពាក់ព័ន្ធនឹងផ្លូវច្បាប់អីជាដើម ព្រោះអ្នកខ្លះគាត់ធ្វើការបញ្ចេញមតិទៅត្រូវបានចោទប្រកាន់ពីបទល្មើសញុះញង់ បទល្មើសបរិហារកេរ្តិ៍អីជាដើម ដែលធ្វើឲ្យគាត់ក្លាយទៅជាជនរងគ្រោះដោយសារការប្រើប្រាស់អ៊ីនធឺណិត។ អញ្ចឹងហើយគោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ យើងចង់អប់រំអ្នកចូលរួមឲ្យគាត់ដឹងបន្ថែមទៀតថា តើគាត់អាចប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្នឹងក្នុងមធ្យោបាយណាមួយមានប្រសិទ្ធភាព ជៀសផុតពីហានិភ័យពីការចោទប្រកាន់ផ្លូវច្បាប់អីជាដើម»។
ព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយនោះ ក៏នឹងមានការពិភាក្សាលើប្រធានបទក្រុមតូចៗចំនួន៥ រួមមាន ការការពារទិន្នន័យ សុវត្ថិភាព និងឯកជនភាពនៅលើអ៊ីនធឺណិត ព័ត៌មានមិនពិត ការប្រើប្រាស់អ៊ីនធឺណិតដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម ការរើសអើងមកលើស្រ្តី និងអ្នកស្រឡាញ់ភេទដូចគ្នាលើអនឡាញ និងគ្លីនិកសុវត្ថិភាពឌីជីថល ដែលជាកន្លែងសម្រាប់ដោះស្រាយបញ្ហាជាប់គាំងលើប្រព័ន្ធអ៊ីនធឺណិត។
លោក ស ម៉ូរី បន្ថែមថា អ្នកចូលរួមក្នុងព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយដដែលនោះ ក៏នឹងទទួលបានចំណេះដឹងអំពីការប្រើប្រាស់អ៊ីនធឺណិត និងការប្រឹក្សាផ្លូវច្បាប់ ដើម្បីការពារខ្លួន ជៀសវាងនូវហានិភ័យផ្សេងៗ។
លោកបញ្ជាក់ថា៖ «គាត់នឹងដឹងអំពីវិធីសាស្រ្តក្នុងការការពារទិន្នន័យ ដឹងពីវិធីសាស្រ្តក្នុងការការពារគណនីហ្វេសប៊ុករបស់គាត់ អ៊ីមែលរបស់គាត់ត្រូវធ្វើម៉េចដើម្បីមានសុវត្ថិភាព។ មួយទៀតយើងក៏មានកន្លែងមួយដែលគេហៅថា ឌីជីថល ស៊ីឃ្យូរីធី គ្លីនិក។ អញ្ចឹងនៅថ្ងៃហ្នឹងបើសិនមានអ្នកណាមានបញ្ហាផ្នែកបច្ចេកវិទ្យា គាត់បានភ្លេច Password (លេខសម្ងាត់) គាត់ត្រូវបានគេលួច Account (គណនី) ហើយគាត់ចង់ឲ្យអ្នកជំនាញជួយយកគណនីហ្វេសប៊ុករបស់គាត់មកវិញ យក Gmail របស់គាត់មកវិញ គាត់អាចពឹងពាក់អ្នកជំនាញក្នុងការជួយបាន »។
វេទិកានេះរៀបចំដោយស្ថាប័នចំនួន៧ រួមមាន បណ្តាញយុវជនកម្ពុជា (CYN) អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការសង់ត្រាល់ (CENTRAL) សមាគមធាងត្នោត (STT) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការក្លាហាន ដែលនឹងមានអ្នកចូលរួមប្រមាណជា៣០០នាក់។
ចាប់តាំងពីឆ្នាំ២០១៥មក អ៊ីនធឺណិត ជាពិសេសបណ្តាញទំនាក់ទំនងសង្គមចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងនៅកម្ពុជា។
ប្រជាពលរដ្ឋមួយចំនួនបានប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមនេះសម្រាប់ចែករំលែក និងទទួលបានព័ត៌មាន ហើយខ្លះក៏បានប្រើសម្រាប់ធ្វើជំនួញ និងខ្លះទៀតប្រើសម្រាប់បញ្ចេញមតិជាដើម។
ទន្ទឹមនឹងនោះ គេឃើញថា អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនក៏បានប្រើបណ្តាញទំនើបមួយនេះទៅប្រព្រឹត្តបទល្មើស និងខ្លះទៀតក៏ត្រូវបានរងនូវការចោទប្រកាន់ផ្សេងៗ ដូចយ៉ាង បទជេរប្រមាថ ពាក់ព័ន្ធនឹងការប្រើប្រាស់អ៊ីនធឺណិតនេះ។
វេទិកាអ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០១៩ (Open Cyber Talk) គឺជាការចូលរួមពីយុវជន អ្នកប្រើប្រាស់អ៊ីធឺណិត សកម្មជនលើបណ្តាញសង្គម អ្នកអនុវត្តច្បាប់ អ្នកជំនាញផ្នែកច្បាប់ និងសិទ្ធិមនុស្ស ដើម្បីជជែកពិភាក្សាអំពីឱកាស និងហានិភ័យចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតសម័យថ្មី។
វេទិកានេះក៏ជួយឲ្យពួកគាត់ចេះប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន និងការប្រើប្រាស់មាតិកាលើប្រព័ន្ធឌីជីថលសម្រាប់លើកកម្ពស់ផលប្រយោជន៍សាធារណៈ ស្តីពីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមក្នុងប្រទេសកម្ពុជា៕
ប្រភព៖ VOA Khmer