អង្គការ​សហ​ប្រជាជាតិ​បើក​ការ​ប្រកួត​ប្រជែង​សម្រាប់​ឲ្យ​យុវជន​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​(OHCHR)​សហការ​ជាមួយ​អង្គការ​សមាគម​ចំនួន​៥​​​រៀបចំ​«ការ​ប្រកួត​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស»​​ដើម្បី​បង្ហាញ​ការ​ទទួល​ស្គាល់​ចំពោះ​យុវជន​ដែល​បាន​ ឬ​នឹង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ​តាម​រយៈ​សកម្មភាព​ចូលរួម​ក្នុង​សហគមន៍​ ឬ​សង្គម​របស់​ខ្លួន។ ​មន្រ្តី​រដ្ឋាភិបាល​គាំទ្រ​​ការ​ប្រកួត​ប្រជែង​នេះ។ភ្នំពេញ — 

ស្រប​ពេល​ដែលបញ្ហា​សិទ្ធិ​មនុស្សនៅ​តែ​ជា​កង្វល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​(OHCHR)​ សហ​ការ​ជាមួយ​អង្គការ​សមាគម​ចំនួន​៥​ផ្សេង​ទៀត​បានរៀបចំ​«ការ​ប្រកួត​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស»ដើម្បី​បង្ហាញ​ការ​ទទួល​ស្គាល់​ចំពោះ​យុវជន​ និង​ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ តាម​រយៈ​សកម្មភាព​ចូលរួម​ក្នុង​សហគមន៍ ​ឬ​សង្គម​របស់​ខ្លួន។​

លោក ​Mahmoud Garga ​អ្នកនាំពាក្យការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​(OHCHR)​ប្រាប់ ​VOA ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ឬ​អ៊ីមែល​ថា ​គោល​បំណង​នៃ​ការ​បង្កើត​កម្មវិធីប្រកួត​ប្រជែង​នេះ​គឺ​ដើម្បី​លើក​ទឹក​ចិត្ត ​និង​ទទួល​ស្គាល់​ការរួម​ចំណែក​របស់​យុវជន​ក្នុង​ការ​លើក​កម្ពស់​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ​និង​លើក​កម្ពស់​ការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​សិទ្ធិ​ក្នុង​ការ​ចូលរួម​កិច្ចការ​សាធារណៈ។​

លោក​សរសេរ​តាម​ន័យ​ដើម​ថា៖​

«យុវជន​កម្ពុជា​មាន​លទ្ធភាព​ទទួល​បាន​នូវ​បច្ចេក​វិទ្យា​ព័ត៌មាន ​និង​ការ​អប់រំ​បន្ថែម​ទៀត ​ហើយ​យើង​បាន​ឃើញ​គំនិត​ច្នៃ​ប្រឌិត​មួយ​ចំនួន​ពី​សំណាក់​យុវជន​ រាប់​បញ្ចូល​ទាំង​ការ​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​លើក​ឡើង​ពី​ដំណោះ​ស្រាយ ​និង​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​សាធារណៈ»។​

ការ​ប្រកួត​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស​នឹង​ចាប់​ផ្តើម​ទទួល​ពាក្យ​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៩​ខែ​សីហា។ ​បេក្ខ​ជន​ត្រូវចូលរួម​ជា​ក្រុម ​និង​ត្រូវ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ​ដល់​៣០​ឆ្នាំ។ ​បេក្ខជន​ចូលរួម​ប្រកួត​ត្រូវ​មាន​គំនិត​ក្នុង​ការ​បង្កើត​ជា​សកម្ម​ភាព ​ឬ​យុទ្ធនា​ការ​ដែល​កើត​មាន​នៅ​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​ជាមួយ ​ឬ​ជំរុញ​ឲ្យ​ស្ថាប័ន​នយោបាយ​ ​ស្ថាប័ន​រដ្ឋ​នានា ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ ឬ​អាជ្ញាធរ​ថ្នាក់​ជាតិ ​ដោះ​ស្រាយ​បញ្ហា ​ដោះ​ស្រាយ​ក្តី​កង្វល់ ​ឬ​គោល​នយោបាយ​នៅ​សហគមន៍ ​ឬ​ក្នុង​សង្គម​របស់​ពួក​គេ។​

ក្រុម​ការងារ​របស់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​នឹង​ជួយ​គាំទ្រ​ដល់​ក្រុម​យុវជន​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ដើម្បី​បង្កើត​ជា​វីដេអូខ្លី។​ វីដេអូ​នេះសម្រាប់​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​ឲ្យ​មាន​ការ​បោះឆ្នោត​ពី​ប្រជា​ពលរដ្ឋ។​

លោកសៃម៉ុន វ៉កឃឺរ​ (Simon Walker)​តំណាង​ការិយាល័យ​OHCHR​ប្រចាំ​កម្ពុជា ​លើក​ឡើង​ថា ជាទូទៅ​យុវជន​វ័យ​ក្មេង​នៅ​កម្ពុជាតែង​ជួប​ការ​លំបាក​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ ​ដោយ​សារ​បរិបទ​សង្គម។​

លោកសៃម៉ុនបាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​«វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ថា​ សំឡេង ​គំនិត ​និង​តម្រូវ​ការ​របស់​ពួកគេ​ត្រូវ​បាន​ឮ ​និង​ដោះស្រាយ»។

យុវជនកម្ពុជា​អាយុ​ចាប់​ពី​១៥​ទៅ​៣០​ឆ្នាំ​ មាន​ចំនួន​១​ភាគ​៣​នៃ​ប្រជា​ជន​សរុប​ប្រមាណ​ជា​១៦​លាន​នាក់។ ​នេះ​បើតាម​តួលេខ​របស់​អង្គការ​សហ​ប្រជាជាតិ។ ​របាយ​ការណ៍​ចេញ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បង្ហាញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​បាន​ធ្លាក់​ដុនដាប​ខ្លាំង។ ​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​មាន​ការ​អនុម័ត​ច្បាប់​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​រឹតត្បិត ក្នុង​គោល​បំណង​បំបិទ​សំឡេង​ជំទាស់។ ​ក្រុម​អង្គការ​អន្តរជាតិ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះទាក់​ទងទៅ​នឹង​ចំណាត់​ការ​នានា​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃ​ទី​២០​ខែ​កក្កដា ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ បាន​រៀប​ចំ​បទ​បង្ហាញ​មួយ​សម្រាប់​ដំណាក់​កាល​ដំបូងដើម្បី​ពន្យល់​ក្រុម​យុវជន​ដែល​មាន​បំណង​ចូល​រួម​ប្រកួត​ប្រជែងពាន​រង្វាន់​នោះ។​

កញ្ញា​នាង រចនា ​ដែល​បាន​ចូល​រួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​នោះ ​លើក​ឡើង​ថា ​កញ្ញា​ និង​ដៃគូ​ម្នាក់​ទៀត​កំពុង​ត្រៀម​ខ្លួនចូល​រួម​ក្នុង​ប្រកួត​ប្រជែង​នេះ។​

កំពុង​សិក្សា​នៅ​ថ្នាក់​ទី១១​នៃ​វិទ្យាល័យ​ទួល​ទំពូង ​កញ្ញា​វ័យ​១៧​ឆ្នាំរូប​នេះ​ចង់​ចូលរួម​បង្ហាញ​សមត្ថ​ភាព ​ខណៈ​ដែល​នាង​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​សង្គម​អស់​រយៈ​ពេល​ជាច្រើនឆ្នាំ​មក​ហើយ។​

«ខ្ញុំ​ចង់​បង្ហាញ​សមត្ថ​ភាព ​និង​ចំណេះ​ដឹង។ ​សកម្មភាព​ដែល​ខ្ញុំ​ធ្លាប់​ចូលរួម​កិច្ចការ​សង្គមតាំង​ពី​ខ្ញុំ​នៅ​កុមារ ​រហូត​ដល់​ជា​យុវជន ​និយាយ​ទៅ​វា​ចូល​៦​ឆ្នាំ​ហើយ។ ​អ៊ីចឹងនេះ​គឺ​គោល​បំណងចង់​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​មាន​ឆន្ទៈ​សម្រាប់​ការ​ចូលរួម​ការងារ​សង្គម»។​

មាន​អង្គការ​មិនមែនរដ្ឋា​ភិបាល​ក្នុង​ស្រុក​ចំនួន​ប្រាំទៀត​បាន​ចូលរួម​រៀប​ចំ​ការ​ប្រកួត​ប្រជែង​របស់​ក្រុម​យុវជន​នេះ។ ​ក្នុង​នោះ​មាន ​សមាគម​យុវជន​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​(CIYA) ​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​កម្ពុជា ​(CRC-Cambodia) ​អង្គការ​ស្ម័គ្រ​ចិត្ត​ដើម្បី​សង្គម​(CVS) សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​និង​អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​(YCC)។​

លោក​ស ម៉ូរី អនុ​ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ដែល​ជា​អង្គការ​ដៃ​គូក្នុង​កម្មវិធី​នេះ​ ​លើក​ឡើង​ថា ​ស្ថានភាព​នៃ​ការ​បញ្ចេញ​មតិ ​និងការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា​បច្ចុប្បន្ន​កាន់​តែ​មាន​ភាព​រឹតត្បិត ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ពិបាក​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ផ្សេងៗ​ពី​ស្ថាប័ន​រដ្ឋ។ ​លោក​បន្ត​ថា ​កម្មវិធី​ប្រកួត​ប្រជែង​នេះ​នឹង​ជួយ​ឲ្យ​យុវជនដែល​ជា​ធនធាន​មនុស្ស​មាន​សក្តានុពល ​អាច​នាំ​យក​បញ្ហា​ផ្សេងៗ​ទៅ​ដល់​អាជ្ញាធរ​ តាម​រយៈ​សកម្ម​ភាព​របស់​ពួក​គេ។​

អនុប្រធាន​សមាគម​វ័យ​២៩​ឆ្នាំរូប​នេះ​បញ្ជាក់​ថា៖​

«យុវជន​គឺ​ជា​កម្លាំង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម ​គាំទ្រ​យុវជន​ក្នុង​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នឹង​មាន​ឥទ្ធិ​ពល​ច្រើនក្នុង​ការ​ដាក់​នូវ​ធាតុ​ចូល​ទាំង​ឡាយ​ បញ្ហា​ប្រឈម​របស់​យុវជន ​ហើយ​អ្នក​នយោបាយ​និង​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ហ្នឹង​នឹង​ពិចារណា​ខ្ពស់​ចំពោះ​សំឡេង​របស់​យុវជន»។​

លោក​ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធានគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ស្វាគមន៍ការ​រៀប​ចំ​កម្មវិធី​ប្រឡង​ប្រណាំង​នេះ។ ប៉ុន្តែ​លោក​ទាញ​ចំណាប់​អារម្មណ៍​ថា​ ​កុំ​ឲ្យ​ក្រុម​យុវជនដើរ​ហួស​ព្រំដែន​ច្បាប់។​

«កម្មវិធី​នេះ​គឺ​ល្អ​ដែរ​ ក៏​ប៉ុន្តែ​បើ​មាន​ការ​ប្រើប្រាស់ ​ឬ​ក៏​ការ​អនុវត្ត​បែប​បទ​ ឬ​ក៏​នីតិវិធី​អី​ដែល​វា​បំពាន​ទៅ​លើ​បែប​បទ​រដ្ឋបាល ​ឬ​ក៏ផ្នែក​ច្បាប់​អី ​អា​ហ្នឹង​គឺ​វា​អាច​មាន​ជា​បញ្ហា​ទៅ​វិញ​ទេ»។​

ការប្រកួត​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្ស​នេះឧបត្ថម្ភ​មូល​និធិ​ដោយ​សហភាព​អឺរ៉ុប។

បើ​តាម​មន្រ្តី​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​(OHCHR)​ រហូត​មក​ដល់​ពេល​នេះមាន​យុវជន​ប្រមាណ​ជា​៣០​នាក់​ បាន​ចូល​រួម​ស្តាប់​ការ​ណែនាំ​អំពី​ការ​ប្រកួត​ពាន​រង្វាន់​យុវជន​គាំទ្រ​សិទ្ធិ​មនុស្សរបស់​អង្គ​ការ​សហ​ប្រជា​ជាតិ។ ​ក្រុម​យុវជន​ដែល​ទទួល​បាន​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​នេះ​នឹង​ទទួល​បាន​ពាន​វិញ្ញាបនបត្រ ​និង​រង្វាន់​ផ្សេងៗ​ទៀត៕

ប្រភព៖ VOA Khmer

(Visited 47 times, 1 visits today)

Leave A Comment

Your email address will not be published. Required fields are marked *