មូលហេតុមួយចំនួន​ដែល​នាំ​ឱ្យ​មាន​ទឹក​ជំនន់គំហុក

វាជាចំណេះដឹងមូលដ្ឋាន ដែលមនុស្សភាគច្រើនជាទូទៅអាច​យល់បាន ក្រៅពីចំណេះដឹង​ផ្នែកវិទ្យាសាស្ត្របរិស្ថានថា ការបាត់បង់ព្រៃឈើនៅផ្ទៃរងទឹកភ្លៀង (Watershed) គឺជាមូលហេតុចំបងដែលនាំ​​ឱ្យ​​មានជំនន់ទឹកភ្លៀងគំហុក (Flash Flood) នៅតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀត​ការសឹករេចរិល (ការរាក់ ឬការលុបបឹង ស្ទឹង) នៃអាងផ្ទៃរងទឹកភ្លង (Water catchment/catchment area) ដែលមានសមត្ថភាពស្តុក ឬជម្លៀសទឹកពេលមានភ្លៀងធំម្តងៗ ក៏ជាមូលហេតុ​ដែលធ្វើ​ឱ្យមានជំនន់ទឹកភ្លៀងគំហុកដែរ។ ជំនន់ទឹកភ្លៀងគំហុកនេះ អាចជនលិចបណ្តាខេត្ត រាជធានី ឬតំបន់ណាមួយយ៉ាងគំហុកក្រោយពេលមានភ្លៀងធំ ឬភ្លៀងច្រើនថ្ងៃជាប់ៗគ្នា ដោយហេតុថាតំបន់ដែលមាន​ភ្លៀងធ្លាក់ច្រើននោះ ខ្វះព្រៃឈើក្នុងការជួយទប់ស្កាត់លំហូរនៃទឹកភ្លៀង និងខ្វះកន្លែងស្តុកទុកទឹកនិងរំដោះទឹកគ្រប់គ្រាន់ មុនពេលដែលទឹកហូរចាក់ទៅក្នុងទន្លេ និងសមុទ្រ។​

ករណីមួយទៀត ក្រោយពីមានទឹកជំនន់គំហុកហើយ ទឹកអាចយូរស្រកទៅវិញ យូរស្រកដោយសារតែខ្វះកន្លែងរំដោះទឹកឱ្យបានលឿន និងទាន់ពេលវេលា។​ ជាឧទាហរណ៍ ការជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ គឺជារឿង​ដែលពិបាក​បដិសេធបានថា ក្រោយពីមានភ្លៀងធំជាប់ៗគ្នា រាជធានីភ្នំពេញខ្វះទីកន្លែងសម្រាប់រំដោះទឹកជំនន់ឱ្យបានទាន់ពេលវេលា ស្របពេលដែលរាជធានីភ្នំពេញនៅមានប្រព័ន្ធលូតូចៗ ខ្វះប្រឡាយ (Canals) និងទីកន្លែងសម្រាប់ជួយរំដោះទឹក។ តំបន់ខ្លះ លូអត់ស្រូបទឹកទេ វាអាចមកពីកត្តាពីរសំខាន់ៗ ១/ វាអាចឡូ ត្រូវបានស្ទះដោយសារសំរាម ២/ ដោយសារបឹងធំៗជាច្រើនដូចជា បឹងកក់ បឹងទំពន់ និងបឹងផ្សេងៗទៀតត្រូវបានលុបអស់ និងជិតអស់ផ្ទៃបឹង ហើយការរំដោះទឹកមានការយឺតយ៉ាវ។ តួយ៉ាង កន្លងមកបឹងទាំងនោះធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោយទឹក និងស្តុកទឹកនៅក្នុងរាជធានីភ្នំពេញមុនពេលដែលទឹកត្រូវបាន​បង្ហូរ​ឬ រំដោះទៅទន្លេសាប ឬទន្លេបាសាក់។

តាមរយៈបទពិសោធន៍លើកនេះ និងកន្លងមក សង្ឃឹមថាប្រទេសកម្ពុជានឹងយកចិត្តទុកដាក់ច្រើនជាងមុនទាំងផ្នែកគោលនយោបាយ និងសកម្មភាពមួយចំនួនដូចខាងក្រោមដើម្បីឱ្យប្រទេសកម្ពុជាអាចបន្សាំ និងរក្សាភាពធនទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ៖

  • ពង្រឹងការអភិរក្សព្រៃឈើ និងធនធានធម្មជាតិដែនៅសេសសល់។
  • ចូលរួមការពារនិងស្តារឡើងវិញនូវផ្ទៃរងទឹកភ្លៀង (Watershed) និងអាស្តុកទឹក (Water Catchment)  នៅតំបន់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
  • បញ្ឈប់ការលុបបឹងធម្មជាតិ និងស្តារឡើងវិញនូវបឹង និងស្ទឹងដែលបានរាក់ ឬសឹករេចរិលនៅក្នុងក្រុងនិង​រាជធានី
  • អភិវឌ្ឍន៍បន្ថែមទៀតនូវប្រព័ន្ធលូ (លូធំៗ) និងប្រឡាយសម្រាប់រំដោះទឹកឱ្យទាន់ពេលវេលានៅក្នុងរាជធានី ឬទីក្រុងដែលអាចប្រឈមនឹងជំនន់ទឹកភ្លៀងគំហុក។
(Visited 2,740 times, 1 visits today)