ខ្លះៗអំពីជំនួញឈើឆ្លងដែនរវាងប្រទេសវៀតណាម និងកម្ពុជា

ផ្អែកតាមការសិក្សារបស់​Global Geography ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញថាប្រភេទឈើហ៊ុប និងឈើប្រណិតបានបន្តនាំចេញពីប្រទេសកម្ពុជាទៅ​ប្រទេសវៀតណាម[1] បើទោះ​បីជា​​​ប្រទេសកម្ពុជាបានហាមឃាត់និងប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការកាប់ឈើនិង​ជួយដូរឈើខុសច្បាប់ក៏ដោយ។

ផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មឈើរបស់ប្រទេសវៀតណាម គឺពាក់ព័ន្ធនិងជំនួញឈើ​ឆ្លង​ដែន​ដែល​នាំចូលពីប្រទេសកម្ពុជា និងប្រទេសឡាវ។ កត្តានេះ បានធ្វើឱ្យប្រទេសវៀងណាមបានក្លាយទៅជាប្រទេសមួយ​ដែល​នាំ​ចេញឈើលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសចិន និងធំបំផុតលំដាប់ទី៥នៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ ឈើចំនួនប្រមាណ៥០០,០០០ ម៉ែត្រគូប បានឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម នេះបើយោងតាមការ​អះអាង​ដដែលរបស់ Global Geography។ នៅក្នុងវិស័យនេះ តាមរយៈការនាំចេញឈើទៅក្រៅប្រទេស ប្រទេសវៀតណាមទទួលបានចំនូល​ជិត៩ ពាន់លាន​ដុល្លាអាមេរិក (US $9 Billion in Revenues) ក្នុងឆ្នាំ២០១៨, ប្រមាណ១០ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩ និងជិត៩ ពាន់លានដុល្លាអាមេរិក​ក្នុងរយៈពេល​៩ ខែដំបូង​ក្នុងឆ្នាំ២០២០។

ដោយផ្អែកលើការរកឃើញរបស់ Global Geography បាន​បង្ហាញថា ការនាំឈើចេញរបស់ប្រទេសកម្ពុជាហាក់ធ្វើផ្ទុយ ឬខុសពីអនុក្រឹត្យលេខ១៣១ អនក្រ.បក របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី យថាប្រភេទផល-អនុផលព្រៃឈើអនុញ្ញាតឱ្យនាំ​ចេញ​នាំចូល។ ​តួយ៉ាងមាត្រា៣ នៃអនុក្រឹត្យនេះ បានហាមឃាត់ការនាំចេញប្រភេទឈើហ៊ុប, ឈើអារសុទ្ធសាធ, ឈើជ្រុងដែល​មានកម្រាស់លើសពី២៥.៥ សង់ទីម៉ែត្រ[2]។ បើទោះបីជាយ៉ាងនេះក្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងគយ​នៅ​ព្រំដែនមួយចំនួននៅតែបន្តចេញលិខិតនាំចេញផល-អនុផលឈើ (លិខិត PC) ដល់ក្រុមហ៊ុនរបស់ឧកញ៉ាធំៗ និងអ្នករកស៊ីឈើនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើការនាំចេញឈើ​ទៅប្រទេស​វៀតណាមដដែល។

បើមើលពីចំណូលដែលទទួលបានពីវិស័យព្រៃឈើ​ក្នុងរយៈពេល៣ឆ្នាំចុងក្រោយវិញ បានបង្ហាញពី​តួលេខ​ខុសគ្នារវាងនៃទំហំចំណាយរបស់​ប្រទេសវៀតណាមក្នុងការនាំចូលឈើពីប្រទេសកម្ពុជា និងចំណូលពីវិស័យ​ព្រៃ​ឈើ​ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន។

  • តួលេខឆ្នាំ២០១៧៖ រៀតណាមបាននាំចូលឈើពីប្រទេសកម្ពុជាដែលមានតម្លៃសរុប​១៤២ លានដុល្លាអាមេរិក (US $142 million worth) ក្នុងរយៈពេលកន្លះឆ្នាំដំបូង[3] និង១៧៩ លានដុល្លាអាមេរិកនៅក្នុងរយៈពេល​៩ខែនៅឆ្នាំដដែល[4]។ ប៉ុន្តែ បើយោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញ​ថារយៈពេលពេល៩ខែក្នុងឆ្នាំ២០១៧ ដូចគ្នាខាងលើ ចំណូលពីចំណូលពីវិស័យព្រៃឈើរបស់រាជរដ្ឋាភិបាលមានប្រមាណ៦.៥លានដុល្លារអាមេរិកប៉ុណ្ណោះ។
  • តួលេខឆ្នាំ២០១៨៖ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយនៃប្រទេសវៀតណាម បានបង្ហាញថា វៀតណាមបាននាំចូលឈើ និងផលិតផលឈើពីប្រទេសកម្ពុជាក្នុងតម្លៃ៨៤ លានដុល្លាអាមេរិកក្នុងរយៈពេល៩ ខែ[5]។ ប៉ុន្តែ បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០១៨ រាជរដ្ឋាភិបាលរកចំណូលបានពីវិស័យព្រៃឈើប្រមាណជិត៤ លានដុល្លា[6]
  • តួលេខឆ្នាំ២០១៩៖ ក្នុងរយៈពេល៤ ខែដំបូង ចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០១៨ ប្រទេសវៀតណាម នាំចូលឈើពីប្រទេសកម្ពុជាក្នុងតម្លៃ២១.៧១ លានដុល្លាអាមេរិក[7]។ បើយោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០១៩ រដ្ឋាភិបាលរកចំណូលពី​វិស័យ​ព្រៃឈើចំនួនប្រមាណ៥ លានដុល្លាអាមេរិកប៉ុណ្ណោះ[8]

[1] https://www.forest-trends.org/pressroom/advisory-despite-national-ban-the-cambodian-exports-of-timber-into-vietnam-continues-propelled-by-provincial-authorities/​

[2] អនុក្រឹត្យលេខ១៣១ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពី យថាប្រភេទផល-អនុផលព្រៃឈើអនុញ្ញាតឱ្យនាំ​ចេញ​នាំចូល​។

[3] https://english.cambodiadaily.com/news/despite-ban-millions-in-timber-continue-to-cross-border-133676/​​​

[4] https://www.khmertimeskh.com/88921/cambodia-continues-fuel-vietnam-timber-trade/​

[5] https://english.vietnamnet.vn/fms/business/210692/vietnam–cambodia-work-to-fight-illegal-timber-trading.html​

[6] របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០១៨  ចុះហត្ថលេខានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

[7] http://www.panelsfurnitureasia.com/en/news-archive/vietnam-s-increasing-timber-imports/2981​

[8] តាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០១៩ ចុះហត្ថលេខានៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

(Visited 225 times, 1 visits today)

Leave A Comment

Your email address will not be published. Required fields are marked *