បទពិសោធន៍​នៃការ​ធ្វើដំណើរបីខ្នងវាល (ខ្នងវាល ខ្នងផ្សារ និងខ្នងក្រពើ)

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មិត្តអ្នកដើរព្រៃនិងឡើងភ្នំចំនួន២៧ នាក់ និងសហគមន៍ចំនួន៦ នាក់ (អ្នកនាំផ្លូវ) បានធ្វើដំណើរចេញពីភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ដោយចំណាយពេលវេលាប្រមាណ៦ម៉ោង ទាំងការធ្វើដំណើរដោយ​គោយន្ត និងថ្មើរជើង។ នៅក្នុងពេលធ្វើដំណើរទៅខ្នងវាល ក្រុមមិត្តអ្នកដើរព្រៃ​បាន​ចូលលេងទឹកធ្លាកមួយដែលអ្នកភូមិហៅថាទឹកធ្លាក់“ដាតូច”។ បន្ទាប់មក យើងក៏​បានបន្តដំណើរទៅគេងនៅលើខ្នងភ្នំនិងវាលស្រល់នៅតំបន់ខ្នងវាលជាមួយនឹងអាកាសធាតុដ៏ត្រជាក់ ក្រោមពន្លឺព្រះច័ន្ទជះពីលើចុងស្រល់​គួរអោយចង់គយគន់នៅពេលរាត្រី។

នៅព្រឹកថ្ងៃទី៣១ ធ្នូ ២០២០ មិត្តអ្នកដើរព្រៃបានក្រោកពីព្រលឹមដើម្បីស្រស់ស្រូបអាហារពេលព្រឹក ញាំតែ និងកាហ្វេ ដោយអមជាមួយនិងការ​គយគនថ្ងៃរះពីលើខ្នងភ្នំ។ បន្ទាប់មក​​ក្រុមមិត្តអ្នកដើរព្រៃបាន​រួស​រាន់ចាកចេញពីខ្នងវាលពីព្រឹកព្រលឹមឆ្ពោះទៅកាន់តំបន់ខ្នងផ្សារ។ ប៉ុន្តែយើងមិនអាចដើរដល់តំបន់ខ្នងផ្សារទេ ដោយសារតែផ្លូវដែល​ត្រូវដើរមានចំងាយប្រមាណ២២ គីឡូម៉ែត្រ។ នៅក្នុង​ថ្ងៃទី២ នេះ គឺជាថ្ងៃពិសេសណាស់ ក្រៅពីរាត្រីឆ្លងឆ្នាំ នៅក្នុងដំណើរពីខ្នងវាលទៅខ្នងផ្សារ ក្រុមមិត្តអ្នកដើរព្រៃបាន​ធ្វើដំណើរ​ឆ្លងកាត់ជួរភ្នំ​ដែល​មានទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែល​អ្នកភូមិហៅថា “ព្រះគន្លង”។ ដំណើរឆ្លងកាត់ព្រះគន្លង​ដ៏វែងឆ្ងាយ​នេះ យើងបានដើរឆ្លងកាត់វាលស្រល់ ព្រៃស្រោង និងដើរឡើងចុះចំណោតច្រាំង​ភ្នំជាច្រើនកន្លែង។ រវល់​តែឆ្លក់វង្វេងជាមួយនិងសម្រស់ធម្មជាតិ ពន្លឺនៃព្រះសូរិយាក៏បានទន់ទាបរាបលិច។ ក្រុមអ្នកដើរព្រៃក៏បានឈប់សម្រាកនៅតំបន់ច្រាំងកន្ទួត ​និងបានរៀបចំអាហារពេលល្ងាច​ដ៏ឆ្ងុយឆ្ងាញ់។ ក្រោយ​ពីស្រស់​ស្រូបអាហារ​ល្ងាចរួច មិត្តអ្នកដើរព្រៃក៏បាន​អង្គុយជុំវិញភ្នក់ភ្លើងក្រោយ​ដើមស្រល់ និងចែករំលែកបទពិសោធន៍គ្នាពីនេះពីនោះ និងជជែកគ្នាលេងក្រោម​បរិយាកាស​រីករាយដើម្បីត្រៀមខ្លួនឆ្លងឆ្នាំថ្មី។

ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដែលជាថ្ងៃថ្មីនៃឆ្នាំថ្មី ក្រុមមិត្តអ្នកដើរព្រៃ បានធ្វើដំណើរចេញពីតំបន់​ច្រាំងកន្ទួតនៃ​ភ្នំហប ឆ្ពោះទៅកាន់ខ្នងកាំភ្លើងធំ ខ្នងសំពៅ និងខ្នងផ្សារ។ នៅក្នុងដំណើរនេះ យើងបាន​ឆ្លងកាត់តំបន់ទឹក​ធ្លាក់​ក្បាល​ស្តេចសាន្ត និងបានដើរលើជ្រលង និងចង្កេះភ្នំដែល​មានព្រៃស្រោង និងដើមឈើធំៗក្រាស់ក្មឹក អមជាមួយនឹងសំឡេង​សត្វទោចយំ និងសត្វក្រវាង​ហើរ​លើ​ចុងឈើទ្រហឹងអ៊ឺងកង។ ម៉ោងប្រមាណ១ រសៀល ក្រុមមិត្តអ្នកដើរព្រៃក៏បាន​ទៅ​ដល់​ជើង​ចំណោតខ្នងកាំភ្លើងធំ។ ក្រោយពីសម្រាកអាហារថ្ងៃត្រង់រួច យើងក៏បានឡើងចំណោតខ្នងកាំភ្លើង​ធំ។ ចំណោត​ខ្នង​កាំភ្លើងធំនេះ បើដើរឡើងពីខ្នងវាលមានសភាពចោទខ្លាំងណាស់។ យើងមិនអាចឡើងត្រង់កើតទេ ប៉ុន្តែយើងបានដើរសសៀរៗតាម​ដានជើង​របស់​សត្វខ្ទីងដែល​ធ្លាប់ឡើងស៊ីស្មៅលើខ្នងភ្នំ។ បន្ទាប់ពីឡើងលើ​ខ្នងកាំភ្នើងធំរួច មិត្តអ្នកឡើងភ្នំមួយចំនួន​បាននៅសម្រាកមើលទេសភាព និងថ្ងៃលិចដែលយើងអាចមើលជ្រលងភ្នំ និងទេស​ភាពបាន​១៨០ ដឺក្រេ ក្រោម​អាកាសធាតុត្រជាក់មនោរម្យ។ ក្រោយសូរិយាអស់ស្តង់គត បាំងជ្រលងភ្នំបាត់ទៅ យើងក៏បាន​បន្តដំណើរទៅសម្រាក​តំបន់​ខ្នងផ្សារ។

ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ក្រុមមិត្តអ្នកដើរព្រៃក៏បានបន្តដំណើរពីខ្នងផ្សារឆ្ពោះទៅកាន់​តំបន់​ខ្នងក្រពើ។ នៅថ្ងៃទី៤ នេះ ក្រុមមិត្តអ្នកដើរព្រៃមានសភាពអស់កំលាំង ថាមពល​បានថយចុះស្ទើរគ្រប់គ្នាៗ អ្នកខ្លះចាប់ផ្តើម​បែកកង់ រីឯ​ខ្លះទៀតរលុងបដាង (ពាក្យលេងសើច)។ តែក្រុមមិត្តយើងមានការសហការនិងសាមគ្គីគ្នាល្អណាស់ដោយទឹកចិត្តនិងក្តីស្រឡាញ់។ ទីបំផុត យើងបានធ្វើដំណើរដល់គោលដៅទាំងអស់គ្នា គឺតំបន់ខ្នងក្រពើ ដែលជារាត្រីចុងក្រោយនៅលើខ្នងភ្នំរបស់​យើង​ទាំងអស់គ្នា។ នៅក្នុងរាត្រីចុងក្រោយនេះយើងបានសម្រាកនៅ CI Camp Site ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង និងបាន​អង្គុយជុំគ្នាជុំវិញ​ភ្លក់​ភ្លើងក្រោមអាកាសធាតុត្រជាក់ស្រៀវឆ្អឹងខ្នង។ អង្គុយក្រោមផ្ទៃមេឃដែលមាន​បណ្តុំផ្កាយដ៏ស្រស់ស្អាត យើងក៏បាន​ធ្វើការឆ្លុះបញ្ចាំងនិងរំលឹកពីអនុស្សាវរីយ៍​របស់​យើង​ដែល​បាន​ឆ្លង​កាត់ក្នុងរយៈពេល ៤ ថ្ងៃជាមួយគ្នា។ ខ្ញុំនៅចាំមិនភ្លេចគឺរឿបបក្សសត្វកាដេវ៉ិច និងបក្សបងប្អូនធម៌ (បក្សបងប្អូនធម៌សំបូរសាច់ណាស់) វាជាសំណើចស៊ើចចុកពោះ។

ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃចុងក្រោយនៃការផ្សងព្រេងរបស់យើងទាំងអស់។ រយៈពេល៤ ថ្ងៃ​ជាមួយគ្នា​បានកន្លងផុតទៅមួយពព្រិចភ្នែកអញ្ចឹង។ ព្រឹកចុងក្រោយនេះ ក្រុមយើងដាច់ស្បៀង អង្ករក៏ជិតអស់ ប៉ុន្តែយើងសល់​សាច់ក្រៀម​ខ្លះៗ។ យើងមិនអាចដាំបាយបាន​ទេ យើងក៏សម្រេចដាំបបសនិងញាំជាមួយសាច់ក្រៀម និងត្រីខ។ ម្នាក់ៗ​អស់កាហ្វេ អស់មី ហាក់ស្ថិតនៅក្នុងសេចក្តីស្រេចឃ្លាន។ មានមិត្តម្នាក់ៗពីរម្នាក់ក្នុងក្រុម​ក៏បានធ្វើការប្រកូក​ប្រកាសឱ្យ​ចេញ​ស្បៀងឱ្យអស់ពីឃ្លាំង​ ព្រោះឃ្លានហើយ…ហិហិហិ។បើទោះបីជាយើងខ្វះស្បៀង អស់កំលាំងគ្រប់ៗគ្នា និង​មានមិត្តមួយចំនួនបែកកង់ក៏ដោយ (ដោយ​សារតែបាន​ធ្វើដំណើរប្រមាណ៥០ គីឡូម៉ែត្រឡើងចុះច្រលងភ្នំ) ប៉ុន្តែក្រុម​យើងបាន​ធ្វើដំណើរចុះពីភ្នំខ្នងក្រពើនិងមកដល់គេហដ្ឋាន​រៀងៗខ្លួន​ដោយ​សុវត្ថិភាព និងនាំមក​នូវ​អនុស្សាវរីយ៍ល្អជាមួយគ្នាដែលមិនងាយនឹងបំភ្លេចបាន។ ការសហការ ការជួយគ្នា​ដោយ​ក្តីស្រឡាញ់ និងការមើល​ថែគ្នាទៅវិញទៅមក គឺជាតម្លៃស្នូល​របស់ក្រុមយើងដូចពាក្យចាស់ថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែ​មួយ។សូមអរគុណដល់មិត្តអ្នកដើរព្រៃទាំងអស់គ្នាសម្រាប់ការចូលរួម។

សូមអរគុណដល់បង Cardamom Mountain ដែលបានជួយណែនាំនៅក្នុងដំណើរដ៏អស្ចារ្យមួយនេះ។ សូមអរគុណដល់បងរ៉ាន់ នៅភូមិសូរិយាសម្រាប់ការនាំផ្លូវ និងសមាជិក​សហគមន៍ផ្សេងទៀតដែលជួយមើលថែពួកយើងទាំងអស់គ្នា។

(Visited 594 times, 1 visits today)