ប្រវត្តិ និងអត្ថន័យនៃទិវាសិទ្ធិមនុស្ស​អន្តរជាតិ

ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ គឺជាថ្ងៃរំលឹកព្រឹត្តិការប្រវត្តិសាស្ត្រ​ដែលមហាសន្និបាត​របស់អង្គការសហប្រជាបានអនុម័ត​សេច​ក្តី​ប្រកាស​ជាសាកលស្តីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨។

គោលការណ៍ទាំង៣០ មាត្រានៃសេច​ក្តី​ប្រកាស​ជាសាកលស្តីពីសិទ្ធិមនុស្សបាន​ទទួលស្គាល់នូវសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់មនុស្សដោយ​មិន​ប្រកាន់សញ្ជាត ភេទ ជាតិសាសន៍ ក្រុមជាតិពន្ធុ ពណ៌សម្បុរ សាសនា ភាសា ឬ ឋានៈអ្វីឡើយ។

ជាពិសេស សេចក្តីប្រកាសជាសាកលនៃសិទ្ធិមនុស្សមានគោលការណ៍ និងចរិកលក្ខណៈពិសេសៗនៃសិទ្ធិមនុស្ស ដូចខាងក្រោម៖

១. ភាពជាសកល  និងមិនអាចដកហូតបាន៖ សិទ្ធិមនុស្សមានលក្ខណៈជាសកល និងមិនអាចដកហូតបាន។ មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែងនៅលើពិភពលោកមានសិទ្ធិទទួលបានសិទ្ធិមនុស្សទាំងនោះ។ ភាពជាសកលរបស់សិទ្ធិមនុស្សត្រូវបានគ្របដណ្តប់នៅក្នុងពាក្យពេចន៍នានានៅក្នុងប្រការ ១ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស៖ “មនុស្សគ្រប់រូបកើតមក យើងមានសេរីភាព និងគួរតែទទួលបានការគោរពដូចគ្នាទៅនឹងមនុស្សដ៏ទៃទៀតដែរ។

២. ភាពមិនអាចបែងចែក/បំបែកបាន៖ សិទ្ធិមនុស្ស គឺមិនអាចបែងចែកបាននោះទេ។ ទោះបីជាសិទ្ធិទាំងនោះពាក់ព័ន្ធនឹងបញ្ហាពលរដ្ឋ បញ្ហាវប្បធម៌ បញ្ហាសេដ្ឋកិច្ច បញ្ហានយោបាយ ឬបញ្ហាសង្គមក្តី សិទ្ធិមនុស្សបានភ្ជាប់មកជាមួយនូវ​សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ជាលទ្ធផល រាល់សិទ្ធិមនុស្សទាំងអស់មានស្ថានភាពស្មើៗគ្នា និងមិនអាចតំរៀបតាមលំដាប់លំដោយនៃពេលវេលាបានឡើយ។ ការបដិសេធចំពោះសិទ្ធិណាមួយបានធ្វើការបំពានដោយមិនអាចកែប្រែបានដល់ការអាស្រ័យផលលើសិទ្ធិផ្សេងទៀត។ ដូច្នេះ សិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបានស្តង់់ដាររស់នៅសមរម្យ មិនអាចត្រូវបានសម្រុះសម្រួលដោយការបាត់បង់សិទ្ធិផ្សេងទៀតនោះទេ ដូចជាសិទ្ធិមានសុខភាពល្អ សិទ្ធិទទួលបានការអប់រំជាដើម។

៣. ការពឹងផ្អែកលើគ្នាទៅវិញទៅមក/ការទាក់ទងគ្នា​ទៅវិញទៅមក៖ សិទ្ធិមនុស្សទាំងឡាយ គឺពឹងផ្អែកលើគ្នាទៅវិញទៅមក និងមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក។ សិទ្ធិមនុស្សនីមួយៗរួមចំណែកដល់ការទទួលស្គាល់សេចក្តីថ្លៃថ្នូរនៃភាពជាមនុស្សរបស់បុគ្គលណាម្នាក់តាមរយៈការបំពេញតាមតម្រូវការសម្រាប់ការអភិវឌ្ឍ តម្រូវការ​ផ្នែករាងកាយ ផ្នែកចិត្តសាស្រ្ត និងផ្នែកស្មារតីរបស់គាត់ ឬរបស់នាង។ ការសម្រេចបានសិទ្ធិណាមួយតែងតែពឹងផ្អែកទាំងស្រុង ឬមួយផ្នែកលើការសម្រេចបានសិទ្ធិផ្សេងៗទៀត។ ឧទាហរណ៍៖ ការសម្រេចបានសិទ្ធិមានសុខភាពល្អអាច នៅក្នុងកាលៈទេសមួយចំនួន ពឹងផ្អែកលើការសម្រេចបានសិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិទទួលបានការអប់រំ ឬសិទ្ធិទទួលបានព័ត៌មាន។

៤. សមភាព៖ គោលគំនិតនៃសមភាពបង្ហាញពីសញ្ញាណនៃការគោរពសេចក្តីថ្លៃថ្នូរដែលជាប់ជាមួយនឹងមនុស្សគ្រប់រូប។ ដូចមានចែងក្នុងមាត្រា១នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស វាគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។ មនុស្សគ្រប់រូបកើតមក មានសេរីភាព និងគួរតែទទួលបានការគោរពដូចគ្នាទៅនឹងមនុស្សដ៏ទៃទៀតដែរ។”“សិទ្ធិមនុស្ស។

៥. គ្មានការរើសអើង៖ គ្មានការរើសអើង គឺជាផ្នែកមួយយ៉ាងសំខាន់ចំពោះគោលគំនិតនៃសមភាព។ វាបានធានាថា គ្មានអ្នកណាម្នាក់ត្រូវបានបដិសេធឬហាមឃាត់ចំពោះការអនុវត្តសិទ្ធិរបស់ពួកគេដោយផ្អែកលើបុគ្គលិកលក្ខណៈ និងកត្តាណាមួយ រួមមានការរើសអើងពណ៌សម្បុរ ភេទ ភាសា សាសនា និន្នការ ឬទស្សនៈនយោបាយ ជាតិ ជាតិពិន្ទុ ដើមកំណើត ពិការភាព អាយុ ការកំណត់អំពីភេទ ឬស្ថានភាពផ្សេងទៀតនៅក្នុងសង្គម។ បុគ្គលិកលក្ខណៈ ឬកត្តាជាច្រើន ត្រូវបានចែងនៅក្នុងឯកសារអន្តរជាតិ និងថ្នាក់តំបន់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

៦. សេចក្តីថ្លៃថ្នូរ៖ សេចក្តីថ្លៃថ្នូររបស់មនុស្សបញ្ជាក់ថា មនុស្សគ្រប់រូបសមនឹងទទួលបានការគោរពពេញលេញពីព្រោះពួកគេជាមនុស្ស។ ដោយមិនប្រកាន់អាយុ វប្បធម៌ សាសនា ជាតិពិន្ទុ ពណ៌សម្បុរ ភេទ ការកំណត់អត្តសញ្ញាណអំពីភេទ ភាសា សមត្ថភាព ឋានៈសង្គម ឬអ្នកទោសឡើយ។ មនុស្សគ្រប់គ្នា សមទទួលបានការគោរពស្មើៗគ្នា។

៧. គោលការណ៍ទទួលខុសត្រូវ (ការទទួលខុសត្រូវរបស់រដ្ឋាភិបាល)៖ ក្នុងនាមជាអ្នកមានកាតព្វកិច្ច រដ្ឋាភិបាលមានកាតព្វកិច្ច គោរព ការពារ និងបំពេញសិទ្ធិមនុស្ស។

ប្រភព៖

១. http://www.unfpa.org/resources/human-rights-principles#sthash.gPH8elgh.dpuf

២. http://www.ohchr.org/EN/Issues/Pages/WhatareHumanRights.aspx

(Visited 5,664 times, 1 visits today)