អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​​ ជា​ស្ពាន​​ភ្ជាប់​យុវជន​ទីក្រុង ទៅ​នឹង​​ការ​អភិវឌ្ឍ​​សហគមន៍ និង​បរិស្ថាន​

ភ្នំពេញ៖ កាល​ពី​ដើម​ខែ​វិច្ឆិកា អង្គការ​បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​ចេញ​របាយការណ៍​ស្ដីពី​ការ​បាត់បង់​ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រមាណ ៣ ពាន់​ហិកតា នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់​។

អង្គការ​ដែល​សមាជិក​ជាង ២ ៥០០ នាក់​ ជា​សិស្ស​និស្សិត និង​យុវជន​រស់នៅ​តំបន់​ជុំវិញ​ព្រៃ​​ឡង់​ បាន​សម្ភាស​ពលរដ្ឋ​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ និង​អាជ្ញាធរ​មូលដ្ឋាន​ ក៏​ដូចជា​ល្បាត​ និង​​​ត្រួត​ពិនិត្យ​ការ​រុករាន​ដី​។

នេះ​ជា​កិច្ចការ​មួយ​ក្នុង​ចំណោម​ការងារ​ផ្សេងៗ​ដែល​ CYN ចង់​បង្កើន​ការ​ចូលរួម​របស់​យុវជន និង​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​យុវជន​​ទូទាំង​ប្រទេស​ កម្ពុជា​។

លោក ស ម៉ូរី សហស្ថាបនិក និង​​ជា​នាយក​រង​អង្គការ CYN បាន​និយាយ​ថា​៖ «​ការងារ​ស្នូល​​របស់​យើង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​របស់​យុវជន ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ព្រម​ទាំង​ចូលរួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​ទូទៅ​។

លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​គោលដៅ​របស់​យើង ​គឺ​ពង្រឹង​សិទ្ធិ​អំណាច​យុវជន លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​តស៊ូ​មតិ​ដើម្បី​យុត្ដិធម៌​សង្គម សិទ្ធិ​មនុស្ស និង​បរិស្ថាន​ក្នុង​ប្រទេស ​កម្ពុជា ​យើង​ ពី​ព្រោះ​យើង​ឃើញ​ថា កន្លង​មក​មាន​អង្គការ​យុវជន​បង្កើត​ឡើង តែ​ភាគ​ច្រើន​ធ្វើ​ការងារ​លើ​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច»។

ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​ទូទៅ​ ភាគ​ច្រើន​យើង​ចូលរួម​ក្នុង​កិច្ច​សហការ​ជាមួយ​ដៃគូ​។ ប៉ុន្ដែ​ចំពោះ​ការ​តស៊ូ​មតិ និង​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ និង​លើក​​កម្ពស់​សិទ្ធិ​មនុស្ស លោក​​លើក​ទឹក​ចិត្ដ​ឲ្យ​យុវជន​ដឹកនាំ​ដោយ​ផ្ទាល់​​ចូលរួម​ និង​សម្រប​សម្រួល​។

ផ្ដើម​ពី​​​និស្សិត ៥ នាក់ ​​មក​ពី​សាកល​វិទ្យាល័យ ៤ ផ្សេងៗ​គ្នា​ ដែល​មាន​បទពិសោធ​ការងារ​ស័្មគ្រចិត្ដ​ក្នុង​ចលនា​សហជីព ចលនា​យុវជន​នានា​ CYN បាន​​បង្កើត​​ឡើង​កាល​ពី ១០ ឆ្នាំ​មុន ​បំណង​បង្កើន​សកម្មភាព​យុវជន​ក្នុង​សង្គម​។

លោក ម៉ូរី ជា​និស្សិត​ផ្នែក​ច្បាប់​សិទ្ធិ​មនុស្ស​អន្ដរជាតិ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​យើង​មើល​ឃើញ​ថា យុវជន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​កម្ពស់​យុត្ដិធម៌​សង្គម និង​ការពារ​ធនធាន​ធម្មជាតិ​។ កាល​ដំបូង​ឡើយ យុវជន​នៅ​មិន​ទាន់​បាន​បង្ហាញ​សក្ដានុពល​របស់​ខ្លួន​ឯង ហើយ​​សំឡេង​របស់​យុវជន​អត់​ទាន់​ត្រូវ​បាន​ពិចារណា និង​ដាក់​បញ្ចូល​​សេចក្ដី​សម្រេច​ក្នុង​គោល​នយោបាយ​។ អ៊ីចឹង យើង​សម្រេច​ចិត្ដ​បង្កើត​បណ្ដាញ​យុវជន​កម្ពុជា​ឡើង​ក្នុង​ឆ្នាំ ​២០០៩ និង​ចុះ​បញ្ជី​ជា​អង្គការ​នៅ​ក្រសួង​មហាផ្ទៃ​​​ឆ្នាំ ​២០១៣​»។

ក្នុង​គម្រោង​ការពារ​ធម្មជាតិ និង​បរិស្ថាន អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ការ​​នៅ​សហគមន៍​ព្រៃ​ឡង់​ជាមួយ​​ដៃគូ​នានា ​ដើម្បី​ទប់​ស្កាត់​ការ​កាប់​ឈើ​ខុស​ច្បាប់​ និង​លើក​ទឹក​ចិត្ដ​ឲ្យ​សិស្ស​និស្សិត​ចូលរួម​ក្នុង​កិច្ច​ការ​សហគមន៍​។

សហស្ថាបនិក CYN បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ធ្លាប់​ចុះ​បំពេញ​ការងារ​នៅ​តំបន់​អារ៉ែង​ចុង​ឆ្នាំ ​២០១៣ ក្នុង​ភាព​ជា​ដៃគូ​រវាង​ចលនា​មាតា​ធម្មជាតិ ដែល​គាត់​ធ្វើ​ការងារ​ផ្នែក​តស៊ូ​មតិ​ច្រើន ខណៈ​បណ្ដាញ​យុវជន​កម្ពុជា​ធ្វើ​លើ​ផ្នែក​ចង​ក្រង​ និង​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​។ យើង​​បាន​រួម​ចំណែក​ការពារ និង​បញ្ឈប់​គម្រោង​វារី​អគ្គិសនី​តំបន់​អារ៉ែង»។

លោក​បន្ដ​ថា៖ «​យើង​ធ្វើ​ការងារ​ក្នុង​តំបន់​ព្រៃ​ឡង់ តាំង​ពី​ខែ ​១១ ឆ្នាំ ​២០១១ ដល់​បច្ចុប្បន្ន​ ដោយ​ចូលរួម​ចំណែក​ពង្រឹង​សិទ្ធិ​អំណាច និង​ចងក្រង​យុវជន​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ហើយ​លើក​កម្ពស់​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​​ការពារ​ព្រៃ​ឈើ​។ យើង​ក៏​បាន​ព្យាយាម​ផ្សារ​ភ្ជាប់​រវាង​យុវ​ជន​ជា​សិស្ស​និស្សិត​នៅ​ភ្នំពេញ ឲ្យ​ចូលរួម​ស្រឡាញ់ និង​​ការពារ​ព្រៃ​ឡង់​ដែរ​តាមរយៈ​​កម្មវិធី​បោះ​ជំរំ ទស្សនកិច្ច​សិក្សា​​នៅ​ថ្នាក់​ជាតិ យើង​មាន​កិច្ច​សន្ទនា​រវាង​យុវជន​ជាមួយ​ក្រសួង​ យើង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ស្ដីពី​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ជាដើម​។ វា​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​យុវជន​មាន​ក្ដី​ស្រឡាញ់​ចំពោះ​ធនធាន​ធម្មជាតិ​បន្ថែម​ទៀត​»។

ជា​លទ្ធផល​រដ្ឋាភិបាល​​​បាន​ដាក់​ព្រៃ​ឡង់​ជា​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ឆ្នាំ ​២០១៦​។ ​អង្គការ ក៏​បាន​បើក​មជ្ឈមណ្ឌល​សិក្សា និង​ការងារ​ដើម្បី​ផ្ដល់​ឱកាស​ដល់​យុវជន​មក​ពី​សហគមន៍​ក្រីក្រ​មាន​ឱកាស​សិក្សា​ចំណេះ​ដឹង និង​ជំនាញ​បំណិន​ជីវិត។​

យុវជន​សកម្ម​ក្នុង​រឿង​សង្គម​រូប​នេះ បាន​និយាយ​ថា​៖ «យើង​​បាន​ធ្វើ​ការ​កសាង​សមត្ថភាព​យុវជន​ច្រើន​ ពី​ព្រោះ​យើង​មាន​មជ្ឈមណ្ឌល​សិក្សា និង​ការងារ​ ដែល​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​ដល់​សិស្ស និស្សិត​ និង​យុវជន​ក្រីក្រ ​​ភាគ​ច្រើន​ជា​យុវជន​ចំណាក​ស្រុក​ពី​ស្រុក​ស្រែ​មក​ភ្នំពេញ ដែល​ខ្វះ​ឱកាស​ក្នុង​ការ​កសាង​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួក​គាត់​»។

ពួក​គេ​អាច​ទទួល​បាន​នូវ​​​វគ្គ​បណ្ដុះបណ្ដាល​កុំព្យូទ័រ ​ការ​ប្រើប្រាស់​អ៊ីនធឺណិត ​អ៊ីមែល​​ជា​លក្ខណៈ​ការងារ​ជាក់​ស្ដែង​កិច្ចការ​រដ្ឋបាល​ជំនាញ​សម្រប​សម្រួល​ភាព​ជា​អ្នក​ដឹកនាំ​របៀប​សរសេរ​ CV ត្រៀម​ខ្លួន​ស្វែងរក​ការងារ និង​សម្ភាស​។

លោក ស ម៉ូរី បាន​និយាយ​ថា៖​ ​«​រៀង​រាល់​ឆ្នាំ យើង​បាន​បណ្ដុះ​បណ្ដាល​យុវជន​ចន្លោះ​ពី ៤០០ ទៅ ៥០០ នាក់​»។

លោក​មើល​ឃើញ​ថា យុវជន​ចាប់​អារម្មណ៍​ខ្លាំង​លើ​រឿង​ការពារ​​បរិស្ថាន និង​ធនធាន​ធម្មជាតិ ពី​ព្រោះ​គាត់​មើល​ឃើញ​ផ្ទាល់​ពី​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ជា​ពិសេស ព្រៃ ទន្លេ ធនធាន​រ៉ែ​​។

យុវជន​រូប​នេះ បាន​បន្ថែម​ថា​៖ «យើង​មើល​ឃើញ​ពី​អភិបាល​កិច្ច​ទន់​ខ្សោយ​ចំពោះ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​។ យើង​នាំ​ទស្សនកិច្ច​សិក្សា យើង​​នាំ​គាត់​ទៅ​បោះ​ជំរំ យើង​នាំ​គាត់​ចុះ​ទៅ​ល្បាត​ព្រៃ គាត់​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ធនធាន​ធម្មជាតិ​។ យើង​យល់​ដឹង​ពី​តម្លៃ​ផ្នែក​បរិស្ថាន​។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យុវជន​​ចាប់​ផ្ដើម​ទទួល​ស្គាល់​ផល​អវិជ្ជមាន​នៃ​​បម្រែបម្រួល​អាកាសធាតុ​ដែរ។

លោក​មើល​ឃើញ​ថា យុវជន​ CYN នៅ​ខ្វះ​ការ​សិក្សា​ស្រាវជ្រាវ ដែល​ទាមទារ​ការ​ពង្រឹង​បន្ថែម ​ដើម្បី​ជា​ភ័ស្ដុតាង​រឹង​មាំ​ក្នុង​​ការ​ជំរុញ​អាជ្ញាធរ​មូលដ្ឋាន និង​ពាក់ព័ន្ធ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​របស់​ខ្លួន​។

ប៉ុន្ដែ​លោក​ក៏​បាន​ត្អូញ​ត្អែរ​ថា យុវជន​ក៏​ជួប​បញ្ហា​សន្ដិសុខ និង​​ហិរញ្ញវត្ថុ​ ដែល​ពួក​គេ​ភាគ​ច្រើន​ចូលរួម​ការ​តស៊ូ​មតិ​​ការពារ​ព្រៃ​ធម្មជាតិ​ផ្ទាល់​ជា​យុវជន​ក្រីក្រ​មក​ពី​តាម​ខេត្ដ​ ហើយ​អ្នក​ខ្លះ​ជា​យុវជន​រងគ្រោះ​ខ្លួន​ឯង​តែ​ម្ដង​។ ការ​ចូលរួម​របស់​គាត់​មួយ​ចំនួន​​មិន​មាន​និរន្ដរភាព​ដែរ ដោយសារ​គាត់​ចាំបាច់​ត្រូវ​ការ​ការងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៕

ប្រភព៖ Phnom Penh Post

(Visited 396 times, 1 visits today)