ដើម​ជ័រ​ច្បោះ ជីវិត និង​ការ​អភិរក្ស

ជាការ​រំលឹក​គុណ​ប្រយោជន៍​នៃ​ព្រៃ​ឈើ​ផង​ និង​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ​ ថ្ងៃទី២១​ ខែ​មីនា​ ឆ្នាំ២០២១​ នេះ​ ខ្ញុំ​បាទ​សូម​ធ្វើ​ការ​ចែក​រំលែក​នូវ​ទស្សន​ទាន​ខ្លះៗ​នៃ​ទំនាក់​ទំនង​រវាង​មនុស្ស​ជាមួយ​និងព្រៃឈើ​។ ជាការពិត​ វាមាន​ទិដ្ឋភាព​ផ្សេងៗ​ជាច្រើន​ដែល​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ជីវិត​របស់​យើង​គ្រប់គ្នា​ទៅ​​និង​​ព្រៃ​ឈើ​និងធម្មជាតិ​។ ក៏ប៉ុន្តែ ​នៅក្នុង​អត្ថបទនេះ ខ្ញុំសូម​លើក​យក​បញ្ហា​ដ៏សំខាន់មួយ​ប៉ុណ្ណោះ​ មក​ធ្វើ​ជាប្រធាន​បទសម្រាប់​ការពិភាក្សា​ នោះគឺ ទំនាក់​ទំនង​រវាង​ <<ជ័រច្បោះ, ជីវិត និងការអភិរក្សព្រៃឈើ>> ដោយ​យក​ព្រៃឡង់​ គឺជាករណី​សិក្សា​ជាក់​ស្តែង​។

ការ​ដង​ជ័រ​ទឹក​ ឬ​ជ័រ​ច្បោះ​ គឺ​ជាមុខ​របបរមួយ​ដ៏សំខាន់​​របស់​​សហគមន៍​មូលដ្ឋាន​ (ភាគច្រើនជាជនជាតិដើមភាគតិចកួយ) ដែល​បាន​បន្សល់​ទុក​តាំង​ពីដូន​តា​របស់​ពួកគេ។ ជ័រច្បោះ គឺជាអនុផលព្រៃឈើមួយប្រភេទក្នុងចំណោមអនុផលព្រៃឈើផ្សេងទៀត​ដែល​​ចេញ​​មក​ពី​ប្រភេទ​​ឈើ​​ត្រាច​ និង​​ឈើ​ទាល​។ តាមរយៈ​បទពិសោធន៍​ធ្វើការជាមួយ​សហគមន៍​មូលដ្ឋាន​អស់​រយៈ​​ពេល​ជាច្រើន​ឆ្នាំចុង​ក្រោយ​នេះ ខ្ញុំបាន​ស្តាប់​និង​បាន​រៀន​សូត្រ​នូវ​​រឿង​រាវ​​ជាច្រើន​​របស់​​សហគមន៍​ ជាពិសេស​គឺទំនាក់​ទំនង​របស់​ពួកគាត់​ជាមួយ​នឹងមរតក​ដែល​បន្សល់ទុកពីបុព្វការីយ​ជន​របស់​ពួកគាត់នោះ គឺជាជ័រច្បោះ នេះឯង​។ នៅពេល​ដែល​ខ្ញុំ​សួរ​ពួក​​​គាត់ថា តើជ័រ​ច្បោះ​មាន​តម្លៃ​យ៉ាង​ម៉េច​ចំពោះ​ពួក​គាត់​?​ ពួក​គាត់​​​តែង​តែ​ឆ្លើយ​ដោយ​​មិនអល់​អែក​ថា <<ជ័រ​ច្បោះ គឺជាឆ្នាំងបាយ ​គឺជាជីវិតរបស់ពួកគាត់>>។ ថ្មីៗនេះ លោក គឹម លី សមាជិកបណ្តាញសហគមន៍ព្រៃឡង់ម្នាក់ មកពីភូមិសៀមបូក ឃុំសៀម ស្រុកសៀមបូក បានសរសេរនៅលើគណនីហ្វេសបុក​របស់គាត់ថា <<ជ័រច្បោះ គឺជាឆ្នាំបាយរបស់ខ្ញុំ>>។ ពាក្យទាំងនេះ ស្តាប់មួយភ្លែតទៅ ហាក់ពុំសូវមានន័យ ឬមាន​តម្លៃ​ប៉ុន្មាន​ទេ​ក្នុង​ក្រសែ​ភ្នែក​​របស់​អ្នក​ដែល​មិនរស់​នៅ​ក្នុង​តំបន់​ព្រៃឈើ​ ឬធ្លាប់​ទទួល​​ផល​ប្រយោជន៍​ផ្ទាល់​ពីអនុផល​ព្រៃឈើ​​ដើម្បី​ចិញ្ចឹម​ជីវិត​។ ប៉ុន្តែ​ជ័រ​ច្បោះ​ បាន​​ចិញ្ចឹម​ជីវិត​កុមារ​ និង​មនុស្ស​ជាច្រើន​រយ​គ្រួសារ​ដែល​រស់​នៅ​ជុំវិញ​​តំបន់​ព្រៃឡង់​ទាំង​បួន​ខេត្ត។ ដោយ​សារតែទំនាក់ទំនងពិសេសនេះហើយ ទើបញ៉ាំង​ឱ្យ​សហគមន៍មូលដ្ឋាន​ ឬជនជាតិដើមភាគតិច​មាន​អនុស្សាវរីយ៍ និងក្តី​ស្រឡាញ់​​ចំពោះ​​ដើម​​ឈើ និងមាន​ចិត្ត​ចូលរួម​ការពារនិងអភិរក្សព្រៃឈើច្រើន​ជាងអ្នកដ៏ទៃ។ វាមិនចម្លែកទេ ដោយហេតុថា ព្រៃឈើ​បានចូលចំណែកចិញ្ចឹមជិវិត​របស់​ពួកគាត់ផ្ទាល់ផង និងជាមរតកដែលបានបន្សល់ទុកពីដូនតា​របស់ពួកគាត់ផង។

ក៏ប៉ុន្តែ​ ក្រោយ​ពីប្រទេស​កម្ពុជា​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំង​​ស្រុង​នៅ​ទសវត្សរ៍ឆ្នាំ១៩៩០ ។ ប្រទេសកម្ពុជា ក៏បានចាប់ផ្តើម​​​បើក​ចំហរ​ទីផ្សារ​ដើម្បី​ស្តារ​សេដ្ឋ​កិច្ច​ និង​ការ​អភិ​វឌ្ឍន៍​។ ក្នុងនោះ​ ការ​ទាញ​យក​ធន​ធាន​ធម្មជាតិ​​ គឺជាផ្នែក​មួយ​យ៉ាង​សំខាន់សម្រាប់​ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ សហគមន៍មូលដ្ឋានចាប់ផ្តើម​ជួប​ប្រទះ​​នូវ​ការ​​កាប់​ឈើជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ​នោះ គឺ​ការ​កាប់​ឈើ​ក្រោម​​​គម្រោង​សប្បទាន​ព្រៃ​គុក​ និង​ក្រោយ​មក​គម្រោង​ដី​សម្បទាន​សេដ្ឋ​កិច្ច​។ សហគមន៍​ចាប់​ផ្តើម​រង​គ្រោះ​​ដោយ​​សារ​គម្រោង​អភិ​វឌ្ឍ​។ រង​គ្រោះ​ទី១​ គឺ​ចាប់​ផ្តើម​បា​ត់​បង់​ដើម​ជ័រច្បោះ​ដែល​ជាមុខរបរប្រពៃណី​ រង​គ្រោះ​ទី២​ គឺចាប់​ផ្តើម​បាត់​បង់​ដីធ្លី​និង​ដីចំ​ការ​ដោយ​សារ​​គម្រោង​​​ដី​សម្បទាន​។ ឧទាហរណ៍៖ គម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការ​កៅស៊ូ វៀតណាម ស៊ីអស៊ីខេ (CRCK) បាន​ពុះជ្រៀក​ព្រៃ​ឡង់​ចំប្រមាណ​៦​​ពាន់​​ហិកតា​​ និង​បាន​បំផ្លាញ​ដើម​ច្បោះ​របស់​សហគម​ន៍​នៅ​ឃុំ​សណ្តាន់​ ត្បូងទឹក​ និងស្រែវាល​ ស្ទើរ​គ្មានសល់។ រីឯខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារវិញ​​​ក៏​ជួប​ប្រទៈ​​​ជាមួយ​នឹង​បញ្ហា​ដីសម្បទាន​សេដ្ឋកិច្ច​ដូចគ្នា​ ដែល​បាន​បណ្តាលឱ្យមានការកាប់ឈើយ៉ាងរង្គាល និងធ្វើឱ្យសឹករេចរិលធនធាន​ធម្ម​ជាតិ​ដូច​គ្នា​។

ដោយ​​សារ​តែ​ការ​អភិវឌ្ឍន៍​បាន​ផ្តួលរលំដើម​ជ័រ​ច្បោះ​ ​និង​ដក​ហូត​មុខ​របបរ​កេរ្តិ៍​ដូន​តា​​របស់​ខ្លួន​។ នៅ​ចន្លោះ​ឆ្នាំ​១៩៩៩​ សហគមន៍​មូលដ្ឋាន​ក៏បាន​ចាប់ផ្តើម​ធ្វើ​ការចងក្រង​គ្នា​ដើម្បី​បង្កើត​ទៅ​ជា​សហគមន៍ព្រៃឡង់​ (តាមខេត្តនីមួយ) ដើម្បីសហការ​គ្នា​ការពារ​ដើម​ជ័រច្បោះ​និងព្រៃឈើ​ដែល​ជា​សម្បត្តិ​របស់​ដូនតា។​ បើនិយាយពី​ការលះបង់វិញ សហគមន៍ព្រៃឡង់​បាន​លះ​បង់​ខ្ពស់​ណាស់​ ដោយ​បាន​ពលី​អាយុ​ជីវិ​ត​ ឈាម​ សុវត្ថិភាពផ្ទាល់​ និងធនធានផ្ទាល់ខ្លួន​ជាច្រើន​ដើម្បីបុព្វហេតុការពារព្រៃឈើក្នុងរយៈពេលជាង២០ឆ្នាំ កន្លងមកនេះ។

ជាអកុសល ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយ​ឆ្នាំ ដើមជ័រច្បោះរបស់សហគមន៍ កាន់តែបាត់បង់ទៅៗ។ ក្រោយពីជួបរលកដីសម្បទានសេដ្ឋកិច្ច និងសម្បទាន​រ៉ែ គឺដល់​ដំណាក់​កាល​នៃការកាប់​ឈើ​ខុសច្បាប់​បែប​អាណា​ធិប​តេយ្យម្តង។ ក្នុងអំឡុងពេលនោះ ព្រៃឡង់មិនទាន់ត្រូវបានដាក់បញ្ចូលទៅជាដែនជម្រកសត្វព្រៃព្រៃឡង់នៅឡើយទេ។ បើទោះ​បីជា​ព្រៃឡង់​មិនទាន់​បាន​ដាក់​បញ្ចូល​ទៅជា​តំបន់​ការពារ​យ៉ាង​ណាក្តី​ ក៏ប៉ុន្តែ​ដើម​ជ័រច្បោះ​ត្រូវបាន​ការពារ​​ដោយ​​ច្បាប់​ស្តីពីព្រៃឈើ។ យោងតាម​ច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ការប្រមូលផលឈើ (កាប់ឈើ) ចំពោះប្រភេទឈើដែល​សហគមន៍​មូល​ដ្ឋាន​ចោះ​យក​ជ័រ​តាម​ប្រពៃណី​ត្រូវ​បាន​ហាម​ឃាត់​។​

នៅថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០១៦​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុក្រឹត្យ​លេខ​ ៧៤​ អនក្រ.បក​ ស្តីពី ​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​។ វាគឺ​ជាក្តី​សង្ឃឹម​មួយ​ថ្មី​ដែល​សហគមន៍មូលដ្ឋាន និងសាធារណៈជនទូទៅ​បានសម្តែងការស្វាគមន៍ចំពោះការវិវឌ្ឍន៍វិជ្ជមាននេះ។ ប៉ុន្តែ​ រយៈ​ពេល​ប្រមាណ​ជិត៦​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដែនជម្រកសត្វព្រៃព្រៃឡង់នៅតែ​ទទួល​រង​ការ​កាប់​ឈើ​ដើម្បីធ្វើអាជីវកម្មបែបអាណាធិបតេយ្យ និងសកម្ម​ភាព​ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិផ្សេងទៀត។ សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ដែល​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​ព្រៃឡង់​​​បាន​ធ្វើ​ឱ្យ​ដើម​ជ័រ​ច្បោះ​របស់ប្រជា​​សហគមន៍​​​ទាំងបួនខេត្ត​ស្ទើរ​តែ​បាត់​បង់​គ្មាន​សល់​។ ប្រជាពលរដ្ឋ​មូល​ដ្ឋាន​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​មុខ​របរ​ដង​ជ័រ​ទឹក​តាម​ប្រពៃណី​នេះជាបន្តបន្ទាប់ ដោយ​សារ​តែ​ពួក​គេ​គ្មាន​សមត្ថភាព​ក្នុង​ការ​ទប់​ស្កាត់​ការ​លួច​​កាប់​ដើមច្បោះពី​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​។

តាមរយៈអត្ថបទនេះ ខ្ញុំសូមធ្វើការសំយោគគំនិតយ៉ាងខ្លីថា ដោយ​​សារតែ​ព្រៃឈើ គឺជាប្រភព​ដែល​ផ្តល់​នូវ​ជីវិត​ និងមាន​គុណ​តម្លៃ​សេដ្ឋកិច្ច​ផងនិងប្រពៃណីផង​សម្រាប់​សហគមន៍​មូលដ្ឋាន។ កត្តានេះហើយ វាបានបង្កើតទៅជាចំណុច​​ផ្សា​ភ្ជាប់​​នូវទំនាក់​ទំនង​ដ៏វិសេស​រវាង​សហគមន៍​មូលដ្ឋាន​ជាមួយ​ព្រៃឈើ។​ លើសពីនេះទៅទៀត វាក៏បាន​ជំរុញ​ទឹក​ចិត្ត​ដល់​សហគមន៍​មូលដ្ឋាន​ក្នុងការបន្តចូលរួមការពារនិងអភិរក្សព្រៃឈើដែល​មាន​នៅក្នុងដែនជម្រកសត្វព្រៃឡង់ដោយ​ក្តីស្រឡាញ់។ ក៏ប៉ុន្តែ បើ​ដើម​ជ័រ​ច្បោះ​របស់​សហគមន៍​មូល​ដ្ឋាន​នៅ​តែ​បន្ត​​បាត់​បង់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយអាច​ឈាន​​ទៅ​​រក​​ការ​បាត់​បង់​ទាំងស្រុងនៅក្នុងរយៈប៉ុន្មានឆ្នាំខាងមុខ ថាតើនឹងមានអ្វីប្រែប្រួលចំពោះទំនាក់ទំនង​របស់​សហគមន៍​មូលដ្ឋានជាមួយនឹងព្រៃឈើ? ហើយវានឹងជៈឥទ្ធិពលអ្វីខ្លះដល់ការចូលរួម​របស់ប្រជាពលរដ្ឋមូលដ្ឋាន​ក្នុងការចូលរួម​ការពារនិងអភិរក្សព្រៃឈើនាពេលអនាគត?

(Visited 634 times, 1 visits today)