ស្របពេលដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលគួរឱ្យព្រួយបារម្ភនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ ដែនជម្រកសត្វព្រៃ ព្រៃឡង់ឯនេះវិញ ក៏កំពុងទទួលរងការកាប់បំផ្លាញពីសំណាក់ឈ្មួញឈើ និងអ្នកកាប់ឈើខុសច្បាប់ដែលគួរឱ្យព្រួយបារម្ភបំផុត។ ក្នុងខណៈពេលនេះ សាធារណៈជន ហាក់មិនសូវចាប់អារម្មណ៍រឿងបញ្ហាធនធានធម្មជាតិដោយសារតែបញ្ហាជំងឺកូវីដ១៩ វាបានផ្តល់ឱកាសឱ្យជនដែលរកស៊ីខុសច្បាប់ក្នុងវិស័យធនធានធម្មជាតិ បំផ្លាញនិងកេងប្រវ័ញធនធានរួមដ៏មានតម្លៃរបស់ជាតិ។
យោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) បានបញ្ជាក់ឱ្យដឹងការថា បណ្តាញសហគមន៍ព្រៃឡង់បានប្រទៈឃើញគល់ឈើដែលត្រូវបានជនល្មើសកាប់ថ្មីៗច្រើនជាង១០០ ដើមនៅចំណុចជាំអាចម៍ដែកក្នុងដែនជម្រកសត្វព្រៃឡង់នៃខេត្តព្រះវិហារ។ វិទ្យុអាស៊ីសេរីបានដកស្រង់សំដីដើមរបស់ លោក ស្រី ថី ដែលជាសមាជិករបស់បណ្តាញសហគមន៍ព្រៃឡង់ថា “នៅថ្ងៃទី១៩ មេសា ពួកលោកបង្ខំចិត្តចុះល្បាតព្រៃឡង់ទាំងភ័យខ្លាច និងគេចពីឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដើម្បីស៊ើបអង្កេតពីបទល្មើសព្រៃឈើខ្នាតធំក្នុងតំបន់អភិរក្ស ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនវៀតណាម ភីអ៊ិនធី។ លោកថា គ្រាន់តែផ្លូវមួយច្រកពួកលោករកឃើញគល់ឈើជាង១០០ គល់ ដែលគេកាប់ធ្វើអាជីវកម្ម។ លើសពីនេះ មានកម្មករជាច្រើនក្រុមបានបោះតង់ស្នាក់នៅក្នុងព្រៃឡង់មិនក្រោម ១០កន្លែងនោះទេ ដើម្បីសម្ងំកាប់ឈើលក់ឱ្យក្រុមហ៊ុន” [ដងស្រង់ពីវិទ្យុអាស៊ីសេរី]។
បើទោះបីជា ព្រៃឡង់ត្រូវបានដាក់បញ្ចូលទៅជាដែនជម្រកសត្វព្រៃព្រៃឡង់តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ក៏ដោយ ប៉ុន្តែព្រៃឡង់នៅតែទទួលរងការកាប់បំផ្លាញ។ បណ្តាញសហគមន៍ព្រៃឡង់តែងតែរាយការណ៍ជាញឹកញាប់អំពីឧក្រិដ្ឋកម្មព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃមួយនេះ។ កត្តាខាងលើនេះ បានធ្វើឱ្យសាធារណៈមតិទូទៅចោទជាសំណួរ អំពីប្រសិទ្ធភាពនៃអភិបាលកិច្ចព្រៃឈើ និងធនធានធម្មជាតិនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត រួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ ត្រូវបានក្រសួងបរិស្ថានហាមឃាត់មិនឱ្យពួកគេធ្វើការចុះល្បាតចាប់តាំងពីខែមីនា ឆ្នាំ២០១៩ ដោយក្រសួងចោទថា បណ្តាញសហគមន៍ព្រៃឡង់ គឺជាបណ្តាញដែលខុសច្បាប់ និងមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជុំវិញបញ្ហានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ បានច្រានចោលការចោទប្រកាន់របស់ក្រសួងបរិស្ថាន ដោយពួកគេបានលើឡើងថា ពួកគេមានសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមការពារធនធានធម្មជាតិដែលបេតិកភណ្ឌរបស់ជាតិខ្មែរយើងទាំងអស់គ្នា។