វ៉ាស៊ីនតោន — ក្រុមអ្នកវិភាគនយោបាយបាននិយាយថា យុវជនដែលជាសកម្មជន និងក្រុមអ្នកបោះឆ្នោតយុវជនដ៏ធំ អាចដើរតួយ៉ាងសំខាន់ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ប៉ុន្តែក្រុមអ្នកវិភាគនយោបាយក៏បានព្រមានថា ការប្រជែងប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា ក៏អាចធ្វើឲ្យយុវជនប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។
លោក ស ម៉ូរី ដែលជាសហស្ថាបនិកនិងជាអនុប្រធានសមាគមបណ្ដាញយុវជនកម្ពុជានិយាយថា៖
«យុវជនដែលមានអាយុក្រោម ៣០ឆ្នាំ មានចំនួន ៦៥ភាគរយនៃប្រជាជនសរុប។ ពួកគេដើរតួនាទីយ៉ាងសំខាន់ ពួកគេជាភ្នាក់ងារដើម្បីធ្វើឲ្យមានភាពខុសពីមុន និងធ្វើឲ្យមានការផ្លាស់ប្ដូរនៅកម្ពុជា»។
លោក ម៉ូរី បានពន្យល់ថា ខណៈពេលដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចយូរអង្វែង មានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការកម្ចាត់គូប្រជែងនយោបាយទាំងអស់ (ដូចដែលពួកគេកំពុងធ្វើមុនការបោះឆ្នោតទូទៅថ្ងៃទី២៩ ខែកក្កដានេះ) ពួកគេនៅបារម្ភអំពីចលនាអំណាចប្រជាពលរដ្ឋ។ ពួកគេព្រួយបារម្ភដោយសារតែកង្វះយន្តការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើយុវជនដែលមិនសុខចិត្ត ហើយចង់បានការផ្លាស់ប្តូរ។
នៅក្នុងកិច្ចពិភាក្សាក្រុមអ្នកជំនាញមួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលបានធ្វើឡើងនៅមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ លោក ម៉ូរី មានប្រសាសន៍ថា៖
«ឥឡូវនេះសូម្បីតែ (បន្ទាប់ពី) ពួកគេបានរំលាយគណបក្សប្រឆាំង ក៏ពួកគេព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រជាច្រើនដើម្បីដកយកប្រជាជនចេញកុំឲ្យធ្វើសកម្មភាពប្រឆាំង»។
នៅប៉ុន្មានឆ្នាំថ្មីៗនេះ យុវជនដែលជាសកម្មជនជាច្រើននាក់ត្រូវបានជំរុញទឹកចិត្តដោយប្រជាប្រិយភាពដែលកាន់តែកើនឡើងរបស់គណបក្សសង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបណ្ដាញសង្គម និងសង្គមស៊ីវិលដ៏រឹងមាំរបស់ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យសកម្មជនលើកកម្ពស់បុព្វហេតុសង្គមរបស់ពួកគេ។
អ្នកនាង Courtney Weatherby ដែលជាអ្នកវិភាគការសិក្សាស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌល Stimson បាននិយាយថា ក្រុមយុវជនមិនទាន់ចេះរៀបចំការចូលរួមនយោបាយបានល្អគ្រប់គ្រាន់នៅឡើយទេ។ ដើម្បីលើកកម្ពស់និងពង្រឹងសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យុវជនចាំបាច់ត្រូវការការបណ្ដុះបណ្ដាលនិងការគាំទ្របន្ថែមទៀត។
អ្នកនាង Weatherby មានប្រសាសន៍ថា៖
«រឿងមួយដែលយើងបានឃើញតាមរយៈអង្គការយុវជនជាច្រើន ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា គឺមានការរំភើបជាច្រើនអំពីអ្វីដែលត្រូវធ្វើ ប៉ុន្តែសមត្ថភាពរៀបចំនិងការយល់ដឹងពីរបៀបបញ្ចេញការព្រួយបារម្ភប្រកបដោយប្រសិទ្ធភាព គឺជាអ្វីមួយដែលយុវជននៅទូទាំងពិភពលោក មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ ជារឿយៗជួបប្រទះភាពលំបាក»។
អ្នកនាង Weatherby បន្តថា៖
«សកម្មភាពផ្ដល់កម្មវិធីជំនួយឧបត្ថម្ភនានាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឲ្យយុវជនដែលចាប់អារម្មណ៍ក្នុងសកម្មភាពនយោបាយនូវជំនាញដែលអាចឲ្យពួកគេចូលរួមស្ថាបនាអាកប្បកិរិយារបស់រដ្ឋាភិបាលនិងតួអង្គពាក់ព័ន្ធផ្សេងៗទៀត»។
គណបក្សប្រជាជនកម្ពុជាព្យាយាមគ្រប់គ្រងការបោះឆ្នោតរបស់យុវជន
ក៏ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា ការអំពាវនាវនយោបាយណាមួយដែលទាញយកប្រជាប្រិយភាពពីយុវជនបោះឆ្នោត ឬយុទ្ធនាការយុវជនណាដែលអំពាវនាវឲ្យមានការត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យពហុបក្ស នឹងត្រូវបង្ក្រាបភ្លាមៗដោយគណបក្សកាន់អំណាច ដែលរឹងមាំ។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចជាច្រើនទសវត្សរ៍ ដោយប្រើកម្លាំងនិងការបំភិតបំភ័យលើគណបក្សប្រឆាំង គ្រប់គ្រងលើគ្រប់ផ្នែកនៃរាជរដ្ឋាភិបាល និងដោយលើកស្ទួយយន្តការគ្រប់គ្រងសង្គមគ្រប់ជ្រុងជ្រោយ ដែលធានាឲ្យបានសម្លេងឆ្នោតភាគច្រើននៅកម្រិតភូមិនិងសង្កាត់។
ទោះជាយ៉ាងណាក៏ដោយ យុទ្ធវិធីគ្រប់គ្រងអ្នកបោះឆ្នោតទាំងនេះ ហាក់ដូចជាមានភាពអន់ថយក្នុងអំឡុងពេលការបោះឆ្នោតឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។ គណបក្សប្រជាជនកម្ពុជាបានឈ្នះគណបក្សសង្គ្រោះជាតិ យ៉ាងប្រកិតនៅក្នុងលទ្ធផលនៃការបោះឆ្នោត។
បើយោងតាមអ្នកសង្កេតការណ៍ជាច្រើននាក់ ការចូលរួមរបស់យុវជនក្នុងអំឡុងការបោះឆ្នោតឆ្នាំ ២០១៣ បានរួមចំណែកក្នុងការកាត់បន្ថយអាសនៈភាគច្រើននៃគណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភាពី ៩០អាសនៈ ចុះទៅ ៦៨អាសនៈ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យុវជនបោះឆ្នោតដែលមានអាយុចន្លោះពី ១៨ឆ្នាំ ទៅ ៣០ឆ្នាំ តំណាងឱ្យ ៣៦ភាគរយ ឬ ចំនួន ៣លាន៥សែននាក់នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុប ៩លាន៥សែននាក់ក្នុងឆ្នាំ២០១២។ ហើយ១លាន៥សែននាក់ក្នុងចំណោមយុវជនបោះឆ្នោត៣លាន៥សែននេះ ជាអ្នកបោះឆ្នោតលើកដំបូង។
ការបោះឆ្នោតឆ្នាំ២០១៣ នាំឲ្យអ្នកស្រាវជ្រាវមួយចំនួនសន្និដ្ឋានថា គណបក្សប្រឆាំងដែលមានសាមគ្គីភាព និងប្រជាប្រិយភាព គឺជាគូប្រជែងដ៏ខ្លាំងមួយ។ ហើយយុទ្ធសាស្ត្រផ្ដោតទៅលើអ្នកបោះឆ្នោតវ័យចាស់ៗ និងសហគមន៍តាមភូមិឃុំនានា របស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់បានជោគជ័យ លែងមានប្រសិទ្ធភាព នៅពេលដែលអ្នកបោះឆ្នោតកាន់តែសម្បូរទៅដោយក្មេងៗ មានចំណេះដឹងខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទទំនើបយ៉ាងស្ទាត់ជំនាញ។
ដោយមិនបណ្ដោយតាមព្រេងវាសនានៅមុនការបោះឆ្នោតឆ្នាំ ២០១៨ នេះ គណបក្សប្រជាជនកម្ពុជាបានចាប់ផ្ដើមធ្វើការបង្ក្រាបក្រុមប្រឆាំងពេញទំហឹងកាលពីឆ្នាំមុន។ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយមេដឹកនាំគណបក្សប្រឆាំងនេះគឺ លោក កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ក្នុងពន្ធនាគារ។ អាជ្ញាធររាជរដ្ឋាភិបាល បិទនិងរឹតបន្តឹងសារព័ត៌មានឯករាជ្យ និងវាយប្រហារសង្គមស៊ីវិល។ មិនតែប៉ុណ្ណោះ ការគ្រប់គ្រង និងការត្រួតពិនិត្យលើបណ្ដាញអ៊ីនធើណិត បានកើនឡើងហើយនាំឲ្យមានការចាប់ខ្លួនសកម្មជនមួយចំនួនដែលបញ្ចេញមតិលើបណ្ដាញអ៊ីនធើណិតផ្សេងៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្យាយាមប្រមូលប្រជាប្រិយភាពជាមួយសិស្ស និងកម្លាំងពលកម្មក្នុងទីក្រុង ដោយដាក់អនុវត្តកំណែទម្រង់វិស័យអប់រំ និងបង្កើនប្រាក់ឈ្នួលអប្បបរមា។
ការស៊ើបអង្កេតរបស់ VOA រកឃើញថា ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជាបានបើកយុទ្ធនាការថ្មីមួយ ដើម្បីធានាឲ្យបានភាពស្មោះត្រង់របស់សមាជិកបក្សនិងគ្រួសាររបស់ពួកគេប្រមាណ ៥លាននាក់។ គណបក្សប្រជាជនកម្ពុជា ក៏បានចេញបញ្ជាឲ្យជ្រើសរើសសមាជិកបក្សថ្មីៗ ពិសេសយុវជន ដើម្បីគាំទ្រគណបក្ស។
ចូលរួមកាន់តែខ្លាំង ហានិភ័យកាន់តែខ្លាំង
លោក ម៉ូរី និយាយទៀតថា យុវជនកម្ពុជាគួរទៅចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ ជាមួយគ្នានោះផងដែរ ពួកគេគួរតែយល់ដឹងឲ្យបានច្រើនពីបញ្ហានយោបាយ ដែលមានសារៈសំខាន់ចំពោះពួកគេ។ អ្នកខ្លះក៏អាចធ្វើការស្ម័គ្រចិត្តនៅតាមមូលដ្ឋាននានា ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាធិបតេយ្យនៅក្នុងសហគមន៍របស់ពួកគេ។
យ៉ាងណាមិញ លោក ម៉ូរី ព្រមានថា នៅក្នុងបរិយាកាសនយោបាយកម្ពុជាសព្វថ្ងៃនេះ សកម្មភាពនយោបាយរបស់យុវជនដែលកំពុងកើនឡើងនេះ គួរធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះពីការឆ្លើយតបដោយការគាប់សង្កត់ពីអាជ្ញាធរ។
លោក ម៉ូរី ថ្លែងបញ្ជាក់បានប្រាប់ VOA បន្ទាប់ពីកិច្ចពិភាក្សានេះថា៖
«ក្នុងស្ថានភាពបច្ចុប្បន្ននេះ ពួកគេមិនអាចធ្វើយុទ្ធនាការសាធារណៈទៀតទេ។ យុវជនត្រូវការស្វែងរកជម្រើសដទៃទៀត ដើម្បីចូលរួមនយោបាយឲ្យមានប្រសិទ្ធភាព»៕
ប្រភព៖ VOA Khmer